(ឡុងដ៏)៖ ក្លិបកាំភ្លើងធំ Arsenal ត្រូវបានរាយការណ៍ថា បានធ្វើការដាក់សំណើថ្មីមួយ និងតម្លៃប្រមាណ ៥០លានផោនលើការផ្ទេរយកកីឡាករ Dusan Vlahovic ដែលមានគម្រោងចង់ចាកចេញ ស្ថិតក្នុងកិច្ចព្រមព្រៀងផ្តល់ជាការដោះដូរបន្ថែមជាមួយកីឡាករ Lucas Torreira ដែលកំពុងដើរតួជាខ្សែបម្រើសំខាន់នៃលក្ខណ្ឌខ្ចីជើងនៅក្លិបអ៉ីតាលីនេះផងដែរ។

ប្រភពពី The Sun បានឲ្យដឹងថា កីឡាករវ័យ ២១ឆ្នាំសញ្ជាតិស៊ែប៊ី Vlahovic មានគម្រោងចង់ចាកចេញពីក្លិប Fiorentina ដែលស្ថិតក្នុងលីគអ៉ីតាលី Serie A ដោយបច្ចុប្បន្នកំពុងរកបាន ១៦គ្រាប់នៃ ២០ប្រកួត ខណៈ Arsenal ចង់បានរូបគេមកជំនួសខ្សែប្រយុទ្ធ Pierre Emerick Aubameyang ដែលកំពុងត្រូវបានក្លិបធំៗនៅតំបន់អឺរ៉ុបចាប់អារម្មណ៍មានក្លិប Barcelona ដែលជាច្រកចេញដ៏ធំផងដែរ។

Vlahovic បានចូលទៅកាន់ក្លិប Fiorentina កាលឆ្នាំ២០១៨ គិតត្រឹមពេលនេះបង្ហាញខ្លួនបាន ៩៧ប្រកួត និងរកបានគ្រាប់ស៊ុត ៤៧គ្រាប់ ប៉ុន្តែរូបគេមិនចង់បានបន្តកិច្ចសន្យាថ្មីជាមួយ Fiorentina គ្រាដែល CEO លោក Joe Barone បានបង្ហាញទឹកប្រាក់ដេញថ្លៃដែលមានតម្លៃខ្ពស់កាលពីថ្ងៃព្រហស្បតិ៍ថា មានដល់ទៅ ៥៨លានផោនត្រូវបានដាក់ចំពោះខ្សែប្រយុទ្ធ Vlahovic នៅពេល Arsenal ចង់បាននោះ៕