(បរទេស)៖ យោងតាមរបាយការណ៍ដែលទទួលបានដោយ The Elec បានឱ្យដឹងថាក្រុមហ៊ុន Samsung បានខកខានគោលដៅផលិតឆ្នាំ២០២១ របស់ខ្លួនសម្រាប់ការនាំចេញស្មាតហ្វូន ហើយមានហេតុផលជាច្រើនដែលក្នុងចំណោមនោះគឺជាត្រកូល Galaxy S21 ដែលមិនសូវជោគជ័យ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GAMArena នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២។

ក្នុងចំណោមទូរស័ព្ទសរុប ៣០០ លានគ្រឿងដែលផលិតបានក្រុមហ៊ុន Samsung ផលិតបានត្រឹមតែក្រោម ២៤០លានគ្រឿងប៉ុណ្ណោះខណៈដែលការផលិតនៅសល់ត្រូវបានគ្រប់គ្រងដោយដៃគូរផលិតដូចជា ក្រុមហ៊ុន Wintech និង Huaqin។ ហើយក្នុងចំណោមនោះមានអ្នកប្រើប្រាស់ប្រហែលជាង ២៥លាននាក់ដែលប្រើប្រាស់ម៉ូឌែល Galaxy S21 ដោយមានលក្ខណៈទូលំទូលាយដូចទៅនឹងម៉ូឌែល S20 បើទោះបីកាលពីឆ្នាំ ២០២០ មានស្ថានភាពតឹងតែងក៏ដោយខណៈដែលពិភពលោកកំពុងតែមានបញ្ហាកង្វះខាតបន្ទះឈីបជាសកល។

ការលក់ភាគច្រើនរបស់ក្រុមហ៊ុន Samsung គឺបានមកពីស៊េរី Galaxy A និង Galaxy M ជាមធ្យមហើយនៅក្នុងរបាយការណ៏មិនបានបញ្ជាក់បន្ថែមអំពីត្រកូល Fold និង Flip ទេដោយសារតែម៉ូឌែលនេះនៅក្នុងផ្នែករបស់ពួកគេគឺមានដំណើរការល្អ។

គួរជម្រាបផងដែលថា Samsung គ្រោងនឹងឈានដល់ការនាំចេញស្មាតហ្វូនចំនួន ៣៣៤ លានគ្រឿងនៅក្នុងឆ្នាំ២០២២នេះ ជាមួយនឹងស្មាតហ្វូនចំនួន ២៨៥លានគ្រឿងដែលផលិតនៅក្នុងទឹកដីកំណើត ខណៈដែលនៅសល់នឹងត្រូវផ្ទេរទៅឱ្យរោងចក្រដែលជាដៃគូផលិតរបស់ខ្លួន៕