(ភ្នំពេញ)៖ ក្លិបបាល់ទាត់វិសាខា បានបន្ថែមខ្សែប្រយុទ្ធកំពុងឡើងជើងម្នាក់ទៀតហើយ គឺកីឡាករ សា ទី ដែលផ្ទេរមកពីក្លិបអគ្គិសនីកម្ពុជា ដើម្បីត្រៀមរដូវកាលថ្មី ឆ្នាំ២០២២ ខាងមុខ។

ការផ្ទេររបស់ខ្សែប្រយុទ្ធទើបទទួលបានឱកាសជាប់ជម្រើសជាតិកម្ពុជានេះ ធ្វើឡើងស្របពេលក្លិបចាស់របស់ខ្លួន គឺក្រុមអគ្គិសនីកម្ពុជា ត្រូវបានកាត់ទៅលេងលីគទី២ ក្រោយកំណែទម្រង់របស់ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា នារដូវកាលថ្មីខាងមុខនេះ។

ជាមួយការផ្ទេរដ៏ភ្ញាក់ផ្អើលខាងលើនេះដែរ មិនត្រូវបានក្លិបបញ្ជាក់ពីតម្លៃខ្លួនរបស់ សា ទី នោះទេ ប៉ុន្ដែមានព័ត៌មានចរចាមអារ៉ាមបានលើកឡើងជាហូរហែរថា វិសាខា បានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ទវ័យក្មេងរូបនេះ ក្នុងតម្លៃខ្លួនប្រមាណ ២ម៉ឺនដុល្លារ។

វត្តមានរបស់កីឡាករ សា ទី ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃយុទ្ធសាស្ដ្ររបស់ក្លិប ស្របតាមការធ្វើកំណែទម្រង់ នៃការប្រកួតលីគរដូវកាលថ្មី ដែលតម្រូវឲ្យមានកីឡាករក្នុងស្រុកអាយុក្រោម ២២ឆ្នាំលេងពេញ ៩០នាទីនៅលើទីលាន ដើម្បីរួមចំណែកអភិវឌ្ឍកីឡាករត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

គួរដឹងថា សា ទី បានផ្ដើមអាជីពបាល់ទាត់ នៅសាលាបាល់ទាត់ជាតិបាទី កាលពីឆ្នាំ២០១៩ មុនផ្ទេរមកអគ្គិសនីកម្ពុជា នៅដើមឆ្នាំ២០២០ ហើយក្នុងរដូវកាលឆ្នាំ២០២១ កន្លងទៅ រូបគេបានបង្ហាញភាពលេចធ្លោរលើទីលាន រហូតត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិលើកដំបូង ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup មុនបោះជំហានថ្មីដ៏ធំ គឺការផ្ទេរមកក្លិបជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ២សម័យនាពេលនេះ៕