(បរទេស)៖ Apple ត្រូវបានគេរំពឹងថាគ្រោងនឹងបញ្ចេញវត្តមាន iPhone 14 ដែលជាជំនាន់ថ្មីនៅកំឡុងខែកញ្ញាខាងមុខនេះ ដោយមានបួនម៉ូដែលគឺ iPhone 14, iPhone 14 Max, iPhone 14 Pro និង iPhone 14 Pro Max ហើយម៉ូដែល mini ប្រហែលជាត្រូវបានបញ្ចប់បន្ទាប់ពីការលក់ iPhone 13 mini នៅក្នុងឆ្នាំនេះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២។

យោងតាមការស្រាវជ្រាវដោយអ្នកវិភាគ Jeff Pu របស់ក្រុមហ៊ុន Haitong International Securities នៅក្នុងឆ្នាំនេះបានឱ្យដឹងថា Apple នឹងធ្វើឱ្យម៉ូដែល iPhone Pro និង Non-Pro មានលក្ខណៈដូចគ្នាកាន់តែខ្លាំងជាងមុនដោយពីមុន iPhone 13 Pro, 13Pro Max មានរ៉េម 6GB នឹង iPhone 13, 13 mini មានរ៉េមត្រឹមតែ 4GB ប៉ុណ្ណោះ ។ ចំណែកឯមុខងាររបស់ iPhone 13 Pro បច្ចុប្បន្នជាច្រើន នឹងមាននៅលើ iPhone 14 ធម្មតាដែរ ជាក់ស្ដែងដូចជាវាអាចនឹងទទួលបានមុខងារ ProMotion ជាមួយល្បឿន Refresh Rate 120Hz ព្រមទាំងអាចនឹងទទួលបានរ៉េមឡើងដល់ 6GB ផងដែរ។

កាលពីមុនធ្លាប់បានគេរំពឹងថា iPhone 14 Pro និង Pro Max អាចនឹងមានរ៉េមឡើងដល់ 8GB ប៉ុន្តែបន្ទាប់ពីមានការត្រួតពិនិត្យខ្សែសង្វាក់ផ្គត់ផ្គង់ដែលចេញរបាយការណ៍ពីក្រុមហ៊ុនមក Apple នឹងបន្តបំពាក់រ៉េម 6GB នៅលើនោះដដែរ។

គួរជម្រាបផងដែលថា នៅក្នុងត្រកូល iPhone 14 គ្រប់ម៉ូដែលទាំងអស់ទំនងជាមានមុខងារ Promotion ដូចៗគ្នា ចំពោះតម្លៃក៏នៅតែបន្តខុសគ្នា ដែលនេះគឺជាដំណឹងល្អសម្រាប់អ្នកដែលមិនចង់ចំណាយប្រាក់ច្រើនដល់ម៉ូដែល iPhone 14 Pro ឬ iPhone 14Pro Max៕