(កណ្តាល)៖ មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ ក្រុងតាខ្មៅ បានសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរដោយលោក បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក គង់ សោភណ្ឌ អភិបាលខេត្តកណ្តាល។ មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ១១៥ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវេជ្ជបណ្ឌិតឯកទេស ឈឿន ប៊ុណ្ណារិទ្ធិ នាយកប្រតិបត្តិ មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ បានថ្លែងថា មន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ គឺជាមូលដ្ឋានសេវាសុខាភិបាលឯកជនមួយ ដែលបានជួយបំពេញ និងបម្រើសេវាសុខាភិបាលកម្រិត៣ និងផ្នែកថែទាំ ជូនកម្មករនិយោជិត មន្ត្រីរាជការ ស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ លើផ្នែកហានិភ័យការងារ និងថែទាំសុខភាព ក្នុងគោលបំណងផ្តល់ការពិនិត្យ ព្យាបាល និងថែទាំវេជ្ជសាស្ត្រ ប្រកបដោយគុណភាពប្រសិទ្ធភាព និងក្នុងគោលបំណងបង្ខិតសេវាឲ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋមូលដ្ឋាន។

លោកថា មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ ផ្អែកលើគុណតម្លៃស្នូលគឺ គុណភាព សេវាកម្ម ក្រមសីលធម៌ វិជ្ជាជីវៈ និងទទួលបានការអនុញ្ញាតពី បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស ដោយមានអគារកំពស់៤ជាន់ មានបន្ទប់៣០បន្ទប់ ស្មើរនិង៣០គ្រែ មានបុគ្គលិកសរុប៣៦នាក់ ស្រី២៤នាក់។ ក្នុងនោះវេជ្ជបណ្ឌិតឯកទេស ចំនួន១២នាក់ ហើយ៧នាក់ បានបញ្ចប់ការសិក្សានៅសាធារណរដ្ឋបារាំង និងម្នាក់បានបញ្ចប់ការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។

ជាមួយគ្នានេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញដល់មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ ត្រូវមានការទទួលខុសត្រូវឈរលើក្រមសិលធម៌ វិជ្ជាជីវ:ពេទ្យ សាកសមជាអ្នកព្យាបាលឲ្យមានប្រសិទ្ធភាព កុំចិញ្ចឹមជំងឺ កុំមើលស្រាលអ្នកជំងឺជាដើម ប៉ុន្តែតាំងខ្លួនជាអ្នកធ្វើឲ្យពលរដ្ឋមានសុខភាពល្អ ព្យាបាលឆាប់ជាសះស្បើយសះស្បើយ ដែលជាមុខមាត់របស់សុខាភិបាល។

លោកបន្តថា ចំពោះវិស័យសុខាភិបាលនេះ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន សម្តេចក៏បានជំរុញឲ្យពន្លឿន និងយកចិត្តទុកដាក់បំផុត ក្នុងការផ្តល់សេវាកម្មសុខាភិបាល ជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ ផងដែរ។

គួរជម្រាបថា មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ បើកបម្រើសេវាកម្ម ២៤ម៉ោង ដោយមានទទួល ពិនិត្យ និងព្យាបាលលើ ផ្នែកជំងឺទូទៅ ផ្នែករោគស្រ្តី និងសម្ភព ផ្នែកវះកាត់ទូទៅ និងឆ្អឹង ផ្នែកកុមារ និងផ្នែកមន្ទីរពិសោធន៍ ព្រមទាំងទទួលពិនិត្យព្យាបាលសមាជិក បេឡាជាតិសន្តិសុខ សង្គម (ប.ស.ស) ដោយឥតគិតថ្លៃ៕