(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានសម្ដែងការគាំទ្រពេញទំហឹង ចំពោះការបង្កើតគណៈកម្មការ ដើម្បីចូលរួមគាំទ្រ និងអនុវត្តការងាររៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ការគាំទ្រនេះបន្ទាប់ពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើសេចក្ដីសម្រេចស្ដីពីការង្កើតគណៈកម្មការ ដើម្បីចូលរួមគាំទ្រ និងអនុវត្តការងាររៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នេះ ដោយមានថ្នាក់ដឹកនាំ និងមន្រ្ដីក្រោមឱវាទក្រសួងជាច្រើនចូលរួម។

លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា គណៈកម្មការនេះបង្កើតឡើង ដើម្បីគាំទ្រ និងចូលរួមអនុវត្តការងារស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដោយធ្វើការផ្សព្វផ្សាយ និងជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធក្រោមឱវាទក្រសួងចូលរួម ពិសេសសិក្ខាសាលាខាងលើ ដើម្បីផ្សព្វផ្សាយឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដល់ថ្នាក់ដឹកនាំ មន្ដ្រី ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ រួមទាំងអង្គការជាតិ-អន្ដរជាតិឲ្យបានយល់ជ្រួតជ្រាបពីព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ។

លោក វ៉ាត់ ចំរើន បានចាត់ទុកការរៀបចំសិក្ខាសាលា និងការបង្កើតគណៈកម្មការនេះ គឺជាស្មារតីមួយតាមការអំពាវនាវរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC តែងតែលើកកម្ពស់ និងផ្ដល់អនុសាសន៍ណែនាំថា ក្រសួង-ស្ថាប័នទាំងអស់ ចូលរួមបំផុសចលនានេះឲ្យបានសស្រាក់សស្រាំ ពិសេសការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីសសម្ពោធវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្ដេចបានមានប្រសាសន៍ឲ្យគ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរឲ្យមានការគាំទ្រក្នុងការផ្សព្វផ្សាយនេះ។

លោកបន្ដថា «នេះគឺជាសិក្ខាសាលាទី១ ហើយរបស់ក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលរៀបចំជាសិក្ខាសាលា ដើម្បីបំផុសឲ្យចលនាឲ្យមន្ដ្រីរាជការនៅក្រោមឱវាទក្រសួងបានជ្រួតជ្រាបពីគុណតម្លៃរបស់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ហើយឲ្យពួកគាត់ចូលរួមកិច្ចការងារនេះទាំងអស់នេះ។ នេះជាកាយវិការដ៏ប្រពៃមួយ ហើយជាគំរូមួយដល់ក្រសួង-ស្ថាប័នផ្សេងៗទៀតឲ្យខិតខំប្រឹងប្រែង និងធ្វើការបំផុសចលនាកីឡានេះដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការរបស់ខ្លួន ដើម្បីឈានដល់គោលដៅ ប្រជាជនម្នាក់ ជាម្ចាស់ផ្ទះទទួលស្វាគមន៍ភ្ញៀវនៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទាំងអស់គ្នា»

លោកបន្ថែមថា លោកបណ្ឌិត ថោង ខុន បានចាប់យកអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហើយដាក់ចេញនូវសារលិខិតដ៏សំខាន់មួយ ប្រកាសជាសាធារណៈថា គ្រប់ក្រសួង មន្ទីរ និងស្ថាប័នទាំងអស់ ត្រូវរៀបចំការផ្សព្វផ្សាយ និងគាំទ្រ។ ដូច្នេះលោកបានអំពាវនាវឲ្យក្រសួង និងមន្ទីរពាក់ព័ន្ធផ្សេងៗយកគំរូដូចក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការរៀបចំសិក្ខាសាលា ការផ្សព្វផ្សាយ ឬការដាក់ចេញនូវយុទ្ធនាការរបស់មន្ដ្រីរាជការតាមក្រសួងឲ្យធ្វើការងារមួយចំនួន ដែលជួយដល់ការផ្សព្វផ្សាយគុណតម្លៃរបស់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម៕