(យ៉ាអ៊ូនដេ)៖ ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង Pierre-Emerick Aubameyang នឹងវិលត្រឡប់ទៅកាន់ក្លិប Arsenal វិញ ដើម្បីធ្វើតេស្តសុខភាព បន្ទាប់ពីបញ្ហារបួសបេះដូងត្រូវបានរកឃើញនៅក្នុងការធ្វើតេស្តនាប្រទេសកាមេរូន បន្ទាប់ពីលោករកឃើញវិជ្ជមានកូវីដ១៩។ នេះបើតាមការឲ្យដឹង ពីសហព័ន្ធបាល់ទាត់ហ្គាបុង ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

Aubameyang និងមិត្តរួមក្រុមជម្រើសជាតិហ្គាបុង Mario Lemina ដែលលលេងឲ្យក្លិប Nice នោះ នឹងត្រូវបញ្ជូនត្រឡប់ទៅវិញ ក្រោយចូលរួមប្រកួតពានរង្វាន់ Africa Cup of Nations ទៅកាន់ក្លិបរបស់ពួកគេរៀងៗខ្លួន ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយការព្រួយបារម្ភ។

កីឡាករទាំង ២រូបនេះត្រូវបានអនុញ្ញាតឲ្យចេញពីការធ្វើចត្តាឡីស័កកាលពីសប្តាហ៍មុន ប៉ុន្តែក្រោយមកត្រូវបានបញ្ឈប់ពីការចូលរួមប្រកួតកាលថ្ងៃសុក្រ ដែលប៉ះនឹងក្រុមហ្គាណា បន្ទាប់ពីវេជ្ជបណ្ឌិតបានលើកឡើងថា បញ្ហារបួសបេះដូងត្រូវបានរកឃើញ នៅក្នុងការវិភាគវេជ្ជសាស្ត្រ ក្រោយឆ្លងជំងឺកូវីដ១៩។

ពួកគេទាំងពីរនាក់ ក៏មិនបានហ្វឹកហាត់កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទផងដែរ ខណៈពួកគេរងចាំលទ្ធផលពីការវិភាគបន្ថែមទៀត ប៉ុន្តែឥឡូវនេះ សហព័ន្ធបាល់ទាត់ហ្គាបុងបានឲ្យដឹងថា ពួកគេនឹងធ្វើដំណើរវិលត្រឡប់ទៅកាន់អឺរ៉ុបវិញ ដើម្បីធ្វើការវិភាគវេជ្ជសាស្ត្របន្ថែម។

កីឡាករទាំងពីររូបនេះត្រូវបានរកឃើញវិជ្ជមាន នៅពេលទៅដល់ជាមួយក្រុម សម្រាប់ការប្រកួត Africa Cup of Nations នៅកាមេរ៉ូន ហើយបានខកខានការប្រកួតបើកឆាកចំនួន ២លើករបស់ពួកគេ។ វាមិនច្បាស់នៅឡើយនោះទេ ថាតើពួកគេនឹងវិលត្រឡប់ទៅវិញសម្រាប់ការប្រកួតបន្ទាប់ នៅសប្តាហ៍ក្រោយឬអត់នោះ៕