(ប៉ារីស)៖ ខ្សែប្រយុទ្ធក្លិប Bayern Munich និងជម្រើសជាតិប៉ូឡូញ Robert Lewandowski បានឈ្នះពានកីឡាករល្អបំផុតឆ្នាំ២០២១ របស់ FIFA បន្ទាប់ពីទទួលបានពិន្ទុនាំមុខគូប្រជែង Mohamed Salah របស់ Liverpool និង Lionel Messi របស់ក្លិបបារាំង Paris Saint-Germain។

នេះជាលើកទី២ ផងដែរដែល Lewandowski ឈ្នះពានកម្រិត FIFA ដ្បិតឈ្នះធ្លាប់ឈ្នះ ២លើកជាប៉គ្នាផងដែរតាំងពីឆ្នាំ២០២០ មក ក្រោយពេលស៊ុតបាន ៦៩គ្រាប់ត្រឹមតែ ១ឆ្នាំខាងលើនេះ។

លើសពីនេះទៀត ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ Lewandowski ក៏បានបំបែកកំណត់ត្រាចាស់របស់កីឡាករអាល្លឺម៉ង់ គឺលោក Gerd Muller ដែលកាន់កំណត់ត្រា ៤៩ឆ្នាំមកនេះក្នុងនាមស៊ុតបានច្រើនគ្រាប់នៅ Bundesliga ក្នុង ១ឆ្នាំដោយរូបគេស៊ុតបាន ៤៣គ្រាប់ ពីការចូលលេងបាន ៣៤ប្រកួតក្នុងលីគនៃឆ្នាំ២០២១ ពេញទៀតផង។

ក្នុងពិធីប្រគល់រង្វាន់ឯកត្តជននោះដែរ Cristiano Ronaldo របស់ក្លិប Manchester United ក៏ទទួលបានពានពិសេសផងដែរ ក្នុងនាមជាកីឡាករដែលតែងតែស៊ុតរកបានច្រើនគ្រាប់ជាងគេនៅក្រុមជម្រើសជាតិ នៅពេលលោក Thomas Tuchel ឈ្នះពានគ្រូបង្វឹកល្អ ក្រោយដឹកនាំតោខៀវ Chelsea ឈ្នះពាន UEFA Champions League រួចមក។

គ្រាដែលខ្សែបម្រើស្លាប Erik Lamela ដែលបានផ្ទេរចេញពី Tottenham Hotspur ទៅចូលរួមជាមួយ Sevilla នោះ ក៏បានឈ្នះពានគ្រាប់ស៊ុតល្អបំផុត FIFA Puskas award និងកីឡាករ Edouard Mendy ឈ្នះពានអ្នកចាំឆ្នើមប្រចាំឆ្នាំ២០២១ ផងដែរ៕