(ប៉ារីស)៖ កីឡាករតេន្នីស Novak Djokovic អាចត្រូវបានហាមឃាត់ពីការចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ French Open ដូចអ្វីដែលលោកបានជួបនាឥឡូវនេះ បន្ទាប់ពីក្រសួងកីឡាបារាំងនៅថ្ងៃចន្ទបានឲ្យដឹងថា មិនមានការលើកលែងនោះទេ ពីច្បាប់ស្តីពីការចាក់វ៉ាក់សាំងថ្មី របស់ប្រទេសបារាំង។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

កីឡាករលំដាប់ទី១ របស់ពិភពលោក Djokovic ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះ ត្រូវបានបណ្តេញចេញពីអូស្ត្រាលីកាលពីថ្ងៃអាទិត្យ មុនពេលការប្រកួតពាន Australian Open 2022 កម្រិត Grand Slam លើកដំបូងនៃឆ្នាំនេះ បន្ទាប់ពីចាញ់ក្តីនៅតុលាការ ដើម្បីលុបចោលវិញ នូវការលុបទិដ្ឋាការរបស់លោក។

ច្បាប់ស្តីពីការចាក់វ៉ាក់សាំងរបស់បារាំង ដែលត្រូវបានអនុម័តដោយសភាកាលពីថ្ងៃអាទិត្យ នឹងតម្រូវឲ្យប្រជាជនត្រូវមានបណ្ណចាក់វ៉ាក់សាំង ដើម្បីចូលទៅកាន់ទីកន្លែងសាធារណៈដូចជា ភោជនីយដ្ឋាន, ហាងកាហ្វេ, រោងភាពយន្ត និងការធ្វើដំណើរតាមរថភ្លើងរយៈចម្ងាយឆ្ងាយដែរ។

កីឡាករសញ្ជាតស៊ែប៊ី ដែលត្រូវបានហាមឃាត់ចូលរួមប្រកួត ដើម្បីឈ្នះពានរង្វាន់ក្នុងកម្រិត Grand Slam លើកទី២១ នៅឯព្រឹត្តិការណ៍ Australian Open រូបនេះ បានបដិសេធក្នុងការចាក់វ៉ាក់សាំង ហើយត្រូវបានគេរិះគន់ពីការចូលរួមព្រឹត្តិការណ៍សាធារណៈកាលពីខែមុន បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩៕