(ភ្នំពេញ)៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព តាមរយៈការចូលរួមចំណែកជាគំរូក្នុងគម្រោងសហគមន៍មូលដ្ឋានដែលស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ជាផ្នែកមួយនៃគម្រោងនេះ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានផ្តល់ដើមឈើ និង អំពូលសូឡា និងបង្គោលភ្លើងសម្រាប់បំភ្លឺផ្លូវសាធារណៈនៅក្នុងសហគមន៍មូលដ្ឋានក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាពរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) និងលោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប មានប្រសាសន៍ថា «ក្នុងនាមប្រជាពលរដ្ឋក្នុងឃុំជ្រៃវៀន ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាដែលបានធ្វើជាគំរូដល់ក្រុមហ៊ុនផ្សេងទៀតក្នុងប្រទេសកម្ពុជាជាមួយនឹងគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គម(CSR)របស់ក្រុមហ៊ុន។ ជាមួយនឹងការផ្តល់អំពូលសូឡាបំភ្លឺផ្លូវ និងដើមឈើនៅថ្ងៃនេះមានន័យថា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានបភ្លឺ និងផ្តល់ពន្លឺដល់ប្រជាពលរដ្ឋ និងអ្នកជំនាន់ក្រោយក្នុងឃុំជ្រៃវៀនដែលនឹងធំឡើងក្នុងប្រទេសកម្ពុជាជាមួយនឹងបរិយាកាសបៃតង»

ក្រុមការងាររបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា រួមជាមួយសមាជិក និងថ្នាក់ដឹកនាំសហគមន៍មូលដ្ឋាន បានមកជួបជុំគ្នាដើម្បីដាំដើមឈើ និងចាប់ផ្តើមដំឡើងបង្គោលភ្លើងសូឡាបំភ្លឺផ្លូវ។ ក្រៅពីដាំដើឈើក្នុងអំឡុងពិធីនេះ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានផ្តល់ដើមឈើចំនួន ២.០០០ដើមផ្សេងទៀតទៅឱ្យសហគមន៍ និងដំឡើងបង្គោលភ្លើងសូឡាបំភ្លឺផ្លូវចំនួន ១០០បង្គោលនៅតាមដងផ្លូវនៅក្នុងសហគមន៍នេះ។

លោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «យើងនៅទីនេះថ្ងៃនេះ ដោយសារយើងចង់គាំទ្រប្រជាជនក្នុងសហគមន៍នេះឱ្យមានបរិស្ថានបៃតង និងសុវត្ថិភាព។ មហិច្ឆិតារបស់យើងគឺចូលរួមអភិវឌ្ឍកម្ពុជាដ៏ប្រសើរ ហើយយើងកំពុងធ្វើកិច្ចការនេះដោយផ្តោតការយកចិត្តទុកដាក់លើសសរស្តម្ភសំខាន់ៗចំនួន៣៖ បរិស្ថាន សង្គម និងការទទួលខុសត្រូវ។ ស្របតាមសសរស្តម្ភបរិស្ថាន យើងកំពុងផ្តល់ដើមឈើដើម្បីស្រូបយកកាបូនឌីអុកស៊ីតដែលមានក្នុងបរិយាកាសរបស់យើង និងទប់ទប់នឹងការប្រែប្រួលអាកាសធាតុ។ យើងដឹងថា នេះក៏ជាឱកាសមួយផងដែរដើម្បីបង្កើនសុវត្ថិភាពចរារចណ៍តាមដងផ្លូវ ដែលជាបញ្ហាមួយដែលយើងកំពុងដោះស្រាយក្នុងនាមជាក្រុមហ៊ុនមួយតាមរយៈសសរស្តម្ភសង្គមរបស់យើង ជាអ្វីដែលជំរុញយើងឱ្យដំឡើងអំពូលសូឡាបំភ្លឺផ្លូវនៅឃុំជ្រៃវៀននេះ»

ក្រៅពីគម្រោងសហគមន៍បៃតង ដែលគាំទ្រសហគមន៍មូលដ្ឋាន ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណងកាត់បន្ថយផលប៉ះពាល់បរិស្ថាននៅក្នុងផលិតកម្មរបស់ខ្លួនផងដែរ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនចូលរួមចំណែកដ៏ធំមួយ ក្នុងការអភិរក្សបរិស្ថានតាមរយៈការផ្តល់ជូនពានរង្វាន់ Cambodia Eurocham CSR Awards 2021 ដ៏មានកិត្យានុភាព។

នៅខែធ្នូ ឆ្នាំមុន ស្ថិតក្រោមពាក្យស្លោក ចូលរួមអភិវឌ្ឍកម្ពុជាឲ្យកាន់តែប្រសើរ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានចាប់ផ្តើមសាងសង់រោងចក្រជីវម៉ាស់ធំបំផុតនៅកម្ពុជា ដែលជាផ្នែកនៃគំនិតផ្តួចផ្តើមមួយ ដើម្បីពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ក្រុមហ៊ុនបានកាត់បន្ថយដោយជោគជ័យនូវការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បាន ៥០ភាគរយចាប់តាំងពីឆ្នាំ២០១៣មក៕