(ភ្នំពេញ)៖ មន្ទីរពហុព្យាបាល និងសម្ភព «ព្រហ្មវិហារ» សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ត្រូវបានដាក់សម្ពោធជាផ្លូវការ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ម្សិលមិញ ដើម្បីទទួលអ្នកជំងឺមកព្យាបាល។ បើទោះបីដាក់សម្ពោធជាផ្លូវការកាលពីម្សិលមិញ ប៉ុន្តែពហុព្យាបាល បានបើកទទួលអ្នកជំងឺរយៈពេលប្រមាណ១ខែមកហើយ។

មន្ទីរពហុព្យាបាល និងសម្ភព «ព្រហ្មវិហារ» មានទីតាំងអគារនៅ១១៩B ផ្លូវមហាវិថីឈ្នះឈ្នះ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មាន០៣ជាន់ បំពាក់ដោយជណ្តើរយន្តមាន ៣០បន្ទប់ មាន៤០គ្រែ មានបម្រើសេវា២៤ម៉ោង/២៤ម៉ោង មានចំណតក្រោមដី។

ពិធីសម្ពោធដាក់ឱ្យដំណើរការនេះ បានធ្វើឡើងក្រោមវត្តមានលោក ឈឹម សៅគី រដ្ឋលេខាអធិក្រួសងអភិវឌ្ឍន៍ជនបទ, លោកបណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត ព្រមទាំងភ្ញៀវកិត្តិយសជាច្រើននាក់។

ដោយមានការផ្តួចផ្តើមគំនិតរបស់លោកវេជ្ជបណ្ឌិត ស៊ីម វន់ និងសមាជិក នៃសមាគមន៍សិស្សនិស្សិតបញ្ញវន្តក្មេងវត្តសាមគ្គី រួបរួមគ្នាបង្កើតមន្ទីរពហុព្យាបាល និងសម្ភព «ព្រហ្មវិហារ» ដើម្បីចូលរួមសហការណ៍ជាមួយវិស័យសុខាភិបាល សាធារណៈក្នុងគោលបំណងលើកស្ទួយសុខាមាលភាពជូនប្រជាពលរដ្ឋទូទៅ រួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការស្វែងរកសេវាសុខភាពក្រៅប្រទេស មិនតែប៉ុណ្ណោះចូលរួមផ្តល់ទីផ្សារការងារជូនដល់ប្រជាជនជំនាន់ក្រោយ ជាកន្លែងសម្រាប់បណ្តុះបណ្តាល ចែករំឡែកចំណេះជំនាញ បទពិសោធន៍ និងកាត់បន្ថយចំណាកស្រុក ព្រមទាំងចូលរួមអនុវត្តន៍តាមគោលការន៍អនុវត្តន៍ តាមក្រមសីលធម៌ វិជ្ជាជីវៈវេជ្ជសាស្ត្រ។

តាមលោកវេជ្ជបណ្ឌិត នាម ឡុងហ៉ីន ប្រធានមន្ទីរពហុព្យាបាល និងសម្ភពព្រហ្មវិហារ បានឱ្យដឹងថា មន្ទីរពហុព្យាបាល និងសម្ភពព្រហ្មវិហារ មានបំពាក់ឧបករណ៍ទំនើបថ្មី ម៉ាស៊ីនអេកូសាស្ត្រ (ជំនាន់ក្រោយរបស់ជប៉ុន) 5D, មានម៉ាស៊ីនថតកាំរស្មី X model Toshiba (CR) របស់ជប៉ុន មានបំពាក់ម៉ាស៊ីន C-arm ជាឧបករណ៍វះកាត់ឆ្អឹងដ៏ទំនើបចុងក្រោយទទួលសិទ្ធិពីក្រុមហ៊ុន SIGN NAIL, មានម៉ាស៊ីនវាស់ចង្វាក់បេះដូងដោយស្វ័យប្រវត្ត (E.C.G) ០១គ្រឿង, មានម៉ាស៊ីនតាមដានចង្វាក់បេះដូងទារកនៅក្នុងផ្ទៃ ០១គ្រឿង, មានម៉ាស៊ីនសំលាប់មេរោគដ៏ទំនើប០១គ្រឿង មានម៉ាស៊ីនវិភាគឈាមដ៏ទំនើប និងមានឡានសង្គ្រោះបន្ទាន់ ២៤ម៉ោង/២៤ម៉ោង ចំនួន០២គ្រឿង។

តាមលោកវេជ្ជបណ្ឌិត នាម ឡុងហ៉ីន បានបន្តថា មន្ទីរពហុព្យាបាល និងសម្ភព «ព្រហ្មវិហារ» មានបម្រើសេវាដូចជា៖

*សង្គ្រោះបន្ទាន់
*ពិនិត្យ និងព្យាបាលជំងឺទូទៅ
*សម្ភព និងរោគស្ត្រី

វះកាត់ទូទៅរួមមាន៖

*វះកាត់សម្រាលកូន
*វះកាត់ប្រព័ន្ធរំលាយអាហារ
*វះកាត់ប្រព័ន្ធទឹកម៉ូត
*វះកាត់ប្រព័ន្ធប្រសាទ និងខួរក្បាល, គ្រោះថ្នាក់ផ្សេងៗ...ជាដើម។ល។

បច្ចុប្បន្ន មន្ទីរពហុព្យាបាល យើងខ្ញុំបានកំពុងដំណើរការ អស់រយៈពេល១ខែ មកហើយ គឺចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃនេះ ដោយមានអ្នកជំងឺបានមកទទួលសេវានៅទីនេះរួមមាន៖ សេវាវះកាត់សម្រាលកូន, វះកាត់តឆ្អឹង, វះកាត់ដុំពោះ...ជាដើម។ល។

លោកវេជ្ជបណ្ឌិត នាម ឡុងហ៉ីន បានបញ្ជាក់ថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានានៅលើសកលលោកកំពង់រងគ្រោះដោយសារវិប្បតិជំងឺកូវីដ១៩ ក្តីក្រោមការដឹកនាំប្រកដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលជាមគ្គទេសដ៏ឆ្នើមរបស់កម្ពុជា បាននាំមកសុខសន្តិភាព និងការអភិវឌ្ឍន៍ ទៅមុខឥតឈប់ឈរ អរគុណសន្តិភាព និងសូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលលោកបានគិតគូរខិតខំស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ពណ៌សម្បុរ តាមរយៈក្រសួងសុខាភិបាល ព្រមជាមួយក្រសួងការពារជាតិ។

ជាមួយគ្នានេះ លោក ឈឹម សៅគី បានជំរុញដល់មន្ទីរពហុព្យាបាល និងសម្ភព «ព្រហ្មវិហារ» ត្រូវមានការទទួលខុសត្រូវឈរលើក្រមសិលធម៌ វិជ្ជាជីវ:ពេទ្យ សាកសមជាអ្នកព្យាបាលឱ្យមានប្រសិទ្ធភាព កុំចិញ្ចឹមជំងឺ កុំមើលស្រាលអ្នកជំងឺជាដើម ប៉ុន្តែតាំងខ្លួនជាអ្នកធ្វើឱ្យពលរដ្ឋមានសុខភាពល្អ ព្យាបាលឆាប់ជាសះស្បើយសះស្បើយ ដែលជាមុខមាត់របស់សុខាភិបាល។

លោកបានបន្តថា ចំពោះវិស័យសុខាភិបាលនេះ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន សម្តេចក៏បានជំរុញឱ្យពន្លឿន និងយកចិត្តទុកដាក់បំផុត ក្នុងការផ្តល់សេវាកម្មសុខាភិបាល ជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ ផងដែរ៕