(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានដាក់ឱ្យដំណើរការវង់ទស្សនាថ្មីនៅប្រាសាទបាយ័ន្ត ក្នុងន័យដើម្បីសម្រួលដល់រំហូរការចូលទស្សនារបស់ភ្ញៀវទេសចរក្នុងប្រាសាទកុំឱ្យកកកុញ។

លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការរៀបចំវង់ទស្សនាថ្មីនៅប្រាសាទបាយ័ន្តនេះ ដើម្បីរៀបចំរំហូរភ្ញៀវតាមប្រាសាទឱ្យមានលំដាប់លំដោយ ចៀសវាងការកកស្ទះ ដើរទស្សនាផ្ទាំងចម្លាក់រឿងមិនគ្រប់ជ្រុងជ្រោយ។

លោក សុធារ៉ា បានបញ្ជាក់ថា ការរៀបចំនេះក៏ក្នុងបំណងឱ្យទេសចរបានដឹងពីគុណតម្លៃប្រាសាទដែលមានដូចជាប្រវត្តិសាស្រ្ត ក្បាច់ចម្លាក់ ក្នុងរោងទងទាំងអស់ដែលកន្លងមកទេសចរតែងទស្សនារំលងទិដ្ឋភាពខ្លះ និងជួយរក្សាគំលាតសុវត្ថិភាពដល់ទេសចរ ខណៈដែលជំងឺកូវីដ១៩មិនទាន់ទៅណាឆ្ងាយ។ ការធ្វើដូច្នេះអាចកាត់បន្ថយពីហានិភ័យ រក្សាគម្លាតបានច្រើន ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

លោក សុធារ៉ា បានបន្តថា វង់ទស្សនាថ្មីនេះមានជំរើសក្នងការទស្សនាចំនួន៣ខ្សែ ដោយរៀបចំនៅជាន់ទី១ និងទី២ ស្របពេលដែលជាន់ទី៣ បានបិទបណ្ដោះអាសន្នដើម្បីជួសជុល។ ខ្សែទី១ មានរយៈពេល១ម៉ោងនិង៤៥នាទី ខ្សែទី២ មានរយៈពេល៥៥នាទី និងខ្សែទី៣ មានរយៈពេល៤៥នាទី។

បន្ថែមពីនេះ ការរៀបចំវង់ទស្សនាថ្មីនេះក៏មានការរៀបចំចំណុចទីតាំងដែលថតរូបភាពស្អាតចំនួន៤កន្លែង ដើម្បីឱ្យទេសចរផ្តិតរូបភាពពួកគេជាមួយចំណុចពិសេសទាំងនោះ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានរៀបចំផ្ទាំងព័ត៌មានថ្មីនៅតាមរោងទងចំនួនបីភាសាផងដែរ មានភាសាខ្មែរ អង់គ្លេស និងចិន។

លោកអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍បានបន្ថែមថា កន្លងមក អាជ្ញាធរជាតិអប្សរាធ្លាប់បានរៀបចំវង់ទស្សនានេះនៅតាមប្រាសាទផ្សេងៗទៀតរួចហើយ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងប្រាសាទបន្ទាយស្រីជាដើម។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏កំពុងគិតគូរក្នុងការរៀបចំតាមប្រាសាទដទៃទៀតផងដែរ ក្នុងន័យលើករៀបចំរំហូរវង់ទស្សនារបស់ទេសចរ និងលើកពីគុណតម្លៃប្រាសាទទាំងនោះជាដើម៕