(ភ្នំពេញ)៖ អង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការលើវិស័យសុខភាពជាច្រើនស្ថាប័ន បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ដំឡើងពន្ធលើផលិតផលថ្នាំជក់ ដើម្បីកាត់បន្ថយការស្លាប់ ការឈឺ និងពិការភាពដែលបណ្ដាល មកពីការប្រើប្រាស់ថ្នាំជក់ និងបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ។ នេះជាការបញ្ជាក់របស់លោក ទឹម វរ៉ា នាយកប្រតិបត្តិគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព។

លោក ទឹម វរ៉ា បានបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាវាគ្មិន ក្នុងកិច្ចពិភាក្សាលើវិធានការពន្ធលើផលិតផលថ្នាំជក់ នៅសណ្ឋាគារសាន់វេ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធមួយចំនួនទៀត។

លោក ទឹម វរ៉ា បានបន្ថែមថា ថ្នាំជក់ជាផលិតផលដែលសម្លាប់ប្រជាជនប្រមាណ៥០% នៃអ្នកដែលប្រើប្រាស់វា។ ជារៀងរាល់ឆ្នាំនៅទូទាំងសកលលោកមនុស្សប្រមាណ ៧លាននាក់បានស្លាប់ ដោយកាប្រើប្រាស់ថ្នាំជក់ផ្ទាល់ និងប្រមាណ ១លាននាក់បានស្លាប់ដោយសារតែការស្រូបផ្សែងថ្នាំជក់ពីគេ។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥ ០០០ នាក់ផងដែរ (WHO)។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មន្ត្រីបច្ចេកទេសអង្គការសុខភាពពិភពលោក បានឱ្យដឹងថា ការប្រើប្រាស់ថ្នាំជក់បណ្តាលឱ្យកម្ពុជា ខាតបង់គិតជា ថវិកាប្រមាណ ៦៤៩លានដុល្លារសហរដ្ឋ ដែលស្មើនឹង ៣%នៃGDPរបស់កម្ពុជា។ បើប្រទេសកម្ពុជាដំឡើងពន្ធរហូតដល់ ៧៥%នៃតំលៃបារីលក់រាយ ឱ្យស្របតាម អនុសាសន៍របស់អង្គការសុខភាពពិភពលោក និងធនាគារពិភពលោក កម្ពុជានឹងទទួលពន្ធចំណូលបន្ថែម ២៣៥លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងថា ការដំឡើងពន្ធថ្នាំជក់ជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជា។ ការស្ទង់មតិប្រជាពលរដ្ឋដែលធ្វើឡើងដោយសកលវិទ្យាល័យជាតិ មានជ័យកាលពីឆ្នាំ២០២១ បង្ហាញថាប្រជាពលរដ្ឋកម្ពុជា ៩៤% គាំទ្រវិធានការដំឡើងពន្ធថ្នាំជក់។

ការដំឡើងពន្ធជាយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ ដែលអង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ការដំឡើងពន្ធថ្នាំជក់ ជាវិធានការដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់ បន្ថយ ការឈឺ ស្លាប់ ពិការភាពដែលបណ្ដាលមកពីការ ប្រើប្រាស់ថ្នាំជក់ ព្រមទាំងបង្កើតចំណូលពន្ធបន្ថែមយ៉ាងច្រើនដល់រដ្ឋាភិបាលផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នពន្ធថ្នាំជក់នៅប្រទេសកម្ពុជានៅមានអត្រា២៥%នៃតម្លៃលក់រាយ សម្រាប់បារីផលិតក្នុងស្រុក និង ៣១%សម្រាប់បារីនាំចូល ដែលអត្រានេះនៅ មានកម្រិតទាបនៅឡើយ បើធៀបជាមួយអត្រាពន្ធថ្នាំ ជក់នៃប្រទេសអាស៊ានផ្សេងៗទៀត។ អត្រាពន្ធថ្នាំជក់ដែលសមរម្យបំផុត ដែលណែនាំដោយ អង្គការសុខភាពពិភពលោក និងធនាគាពិភពលោកគឺ ៧៥% នៃតម្លៃលក់រាយ៕