(ភ្នំពេញ)៖ សាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (ហៅកាត់ថា AusCam Academy) ទីតាំងនៅជ្រោយចង្វារ នាព្រឹកថ្ងៃទី១៧ មករា ឆ្នាំ២០២២ បានប្រារព្ធពិធីអបអរទិវាជាតិអូស្ត្រាលី ជាមួយនឹងការចែកជូនអាហារូបករណ៍ទៅដល់សិស្សឆ្នើមរបស់ខ្លួន។ សាលា AusCam Academy បានទទួលស្វាគមន៍មាតាបិតា និងសិស្សានុសិស្សដោយផ្តល់ជូននូវឱកាសសិក្សាស្វែងយល់បន្ថែម ពីវប្បធម៌របស់ប្រទេសអូស្ត្រាលី កម្មវិធីសិក្សាតាមប្រព័ន្ធអូស្ត្រាលី សម្រាប់សិស្សអាយុ ៣ ដល់ ១៨ ឆ្នាំ ក៏ដូចជាទស្សនៈកិច្ចក្នុងបរិវេណសាលា។

កម្មវិធីប្រព្រឹត្តិទៅរយៈពេល ២ម៉ោង ក្រោមអធិបតីភាពឯកអគ្គរាជទូតប្រទេសអូស្ត្រាលីប្រចាំប្រទេសកម្ពុជា លោក Pablo Kang ដែលលោកបានគូសបញ្ជាក់ពីសារសំខាន់នៃការអប់រំដែលមានគុណភាព ហើយជាចំណុចរួមនៃការយកចិត្តទុកដាក់ និងការចង់បានរបស់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី។ លោកក៏ឆ្លៀតកោតសរសើរ និងរំលឹកពីការជ្រោមជ្រែងរបស់អូស្ត្រាលីដល់កម្ពុជាកន្លងមក លើការកសាងធនធានមនុស្សចាប់ពីទសវត្សទី៧០ និងជាថ្មីម្តងទៀតពីឆ្នាំ ១៩៩៤។ គិតពីឆ្នាំ ១៩៩៤ និស្សិតកម្ពុជាប្រមាណ ៨៥០ នាក់ទទួលបានអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី ដើម្បីបន្តការសិក្សាថ្នាក់ក្រោយឧត្តមនៅអូស្ត្រាលី។

«ការអប់រំស្តង់ដាពិភពលោក ទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសកម្ពុជា សម្រស់ធម្មជាតិដ៏អស្ចារ្យ ភាពសម្បូរបែបនៃវប្បធម៌ ការរស់នៅប្រកបដោយផាសុខភាព និងអាកាសធាតុដែលអំណោយផល គឺហេតុផលសំខាន់ៗ ដែលធ្វើឲ្យប្រទេសអូស្ត្រាលី ក្លាយជាប្រទេសដែលមានប្រជាប្រិយភាពជាងគេ សម្រាប់សិស្សានុសិស្សកម្ពុជា»។ នេះយោងតាមការលើកឡើង របស់លោកឯកអគ្គរាជទូត Kang ។

សាលាអន្តរជាតិកម្ពុជាអូស្ត្រាលី (AusCam Academy) ផ្តល់ជូននូវកម្មវិធីសិក្សាបូកបញ្ចូលគ្នា រវាងកម្មវិធីសិក្សាជាតិរបស់ក្រសួងអប់រំ យុវជន និង កីឡា និងកម្មវិធីអប់រំប្រទេសអូស្ត្រាលី ដែលនេះធ្វើឲ្យសាលាទទួលបាននូវភាពឈានមុខគេ ក្នុងសេវាអប់រំដែលមានវិធីសាស្ត្រច្នៃប្រឌិតសម្រាប់សិស្ស អាយុពី ៣ ដល់ ១៨ឆ្នាំ។
អ្នកគ្រូនាយិកា Peters បានថ្លែងថា សាលា AusCam ផ្តល់ការយកចិត្តទុកដាក់ទៅលើទាំងការផ្តល់ចំណេះក្នុងថ្នាក់ ការលូតលាស់កាយសម្បទារ ទេពកោសល្យសិល្បៈ កីឡា និង សមត្ថភាពប្រាស្រ័យទាក់ទងក្នុងសង្គមជាសកល។

ឯកអគ្គរាជទូត Kang ក៏បានសរសើរដល់អ្នកដែលបានសម្រេចចិត្ត ចុះឈ្មោះចូលរៀនកម្មវិធីសិក្សាអូស្ត្រាលី ឬទៅបន្តការសិក្សា និងនៅប្រទេសអូស្ត្រាលីថា «ពួកគេបានជ្រើសរើសដ៏ត្រឹមត្រូវណាស់»

លោកស្រីនាយិកា Peters បានបន្ថែមថា៖ «ទន្ទឹមនឹងទទួលបានការរអប់រំគុណភាពអន្តរជាតិ សិស្សនៅ AusCam Academy ក៏នឹងទទួលបានការសិក្សា ភាសាខ្មែរ វប្បធម៌ និងប្រពៃណីខ្មែរ ពោលគឺការរក្សាអត្តសញ្ញាណជាតិរបស់ពួកគេ គឺជាការសំខាន់និងចាំបាច់ណាស់»

បទពិសោធន៍រយៈពេល ១៥ឆ្នាំ ក្នុងវិស័យអប់រំ (លើកម្មវិធីសិក្សា IB, Cambridge, កាណាដា, អាមេរិក និង អូស្ត្រាលី) លោកស្រី Peters បានឲ្យដឹងថា សាលាអន្តរជាតិកម្ពុជាអូស្រា្តលីផ្តល់នូវកម្មវិធីសិក្សាអប់រំ បត់បែនរស់រវើកតាមតម្រូវការផ្សេងៗគ្នា របស់សិស្ស ដើម្បីជួយពួកគេទទួលបានការរីកចម្រើន ក្នុងការសិក្សាកាន់តែច្រើន តាមដែលអាចធ្វើទៅបាន។ ដោយមានការគាំទ្រ និងសហការពីក្រសួងអប់រំ និងបណ្តុះបណ្តាលនៃរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី និងសាលាជាដៃគូនៅប្រទេសអូស្ត្រាលីរបស់ AusCam Academy សិស្សអាចផ្ទេរ ឬបន្តការសិក្សាទៅប្រទេសអូស្ត្រាលីដោយជោគជ័យ។

ពួកគេក៏នឹងមានជម្រើសក្នុងការសិក្សារយៈពេល ២ឆ្នាំ និងប្រលងសញ្ញាបត្រមធ្យមសិក្សារបស់ប្រទេសអូស្ត្រាលី ឬ ជ្រើសចូលសិក្សាថ្នាក់មូលដ្ឋានគ្រឹះត្រៀមចូលសាកលវិទ្យាល័យ ផ្តល់ដោយសាកលវិទ្យាល័យ Swinburne នៃប្រទេសអូស្ត្រាលី។ កម្មវិធីសិក្សាថ្នាក់មូលដ្ឋាន របស់សាកលវិទ្យាល័យ Swinburne នៃប្រទេសអូស្ត្រាលី គឺសក្តសមសម្រាប់សិស្សថ្នាក់ទី១១ និង១២ ដែលមានគោលបំណងសិក្សាបន្តនៅប្រទេសអូស្ត្រាលី។

លោកស្រី Peters និយាយថា កម្មវិធីថ្នាក់សិក្សាមូលដ្ឋានគ្រឹះនេះជួយរៀបចំសិស្ស និងត្រៀមពួកគេ មុនពេលទៅបន្តការសិក្សានៅក្រៅប្រទេស និងដើម្បីឲ្យពួកគេបង្កើតទម្លាប់ជាមួយវប្បធម៌ថ្មី ដែលធ្វើឲ្យការសិក្សានៅក្រៅប្រទេសកាន់តែជោគជ័យ។

«ការអប់រំរបស់អូស្ត្រាលី ត្រូវបានទទួលស្គាល់ថាមានគុណភាពខ្ពស់។ សិស្សនិសិត្សដែលខ្ញុំជួបបានប្រាប់ខ្ញុំថាការសិក្សា និងរស់នៅក្នុងប្រទេសអូស្ត្រាលី គឺជាបទពិសោធន៍ដ៏ល្អ ដែលផ្លាស់ប្ដូរជីវិតរបស់គាត់ឲ្យប្រសើរឡើង»។ ឯកអគ្គរាជទូត Kang បញ្ជាក់បន្ថែម។

សាលាអន្តរជាតិកម្ពុជាអូស្ត្រាលី យកចិត្តទុកដាក់ទៅលើតំរូវការរបស់សិស្សម្នាក់ៗ ដើម្បីជួយពួកគេស្វែងរកវិធីដែលល្អ បំផុតដើម្បីរៀននិងទទួលលទ្ធផលប្រសើរ។

ពិធីប្រគល់រង្វាន់អាហារូបករណ៍ទិវាអូស្ត្រាលីនេះ ក៏ត្រូវបានចូលរួមដោយ លោកនាយកសាលា ACE និងជាអនុប្រធានសភាពាណិជ្ជកម្មអូស្ត្រាលីលោក Ashley Irving នាយកប្រតិបត្តិសភាពាណិជ្ជកម្មអន្តរជាតិលោកស្រី Katherine McLean និងមានវត្តមានលោកអគ្គនាយក ACE និងជានាយកប្រចាំប្រទេសកម្ពុជារបស់ស្ថាប័ន IDP Education លោក ម៉ៅ ស្រេង ព្រមជាមួយអាណាព្យាបាលមកពីតំបន់ជ្រោយចង្វារ។

សាលាអន្តរជាតិកម្ពុជាអូស្ត្រាលី មានអាសយដ្ឋានស្ថិតនៅអគារលេខ ៦៥៨ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (នៅម្ខាងផ្លូវពីវិទ្យាល័យជា ស៉ីមជ្រោយចង្វារ) រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរសព្ទលេខ 010-811-033 ឬ 078-811-033 ៕