(តូក្យូ)៖ ក្រុមហ៊ុន Toyota Motor Corp បានដាក់ចេញផែនការរបស់ខ្លួន ដោយនឹងបង្កើតសង្វាក់ផលិតកម្មផលិតរថយន្តឱ្យបានចំនួន ៧០០,០០០គ្រឿងនៅទូទាំងពិភពលោកក្នុងខែកុម្ភៈខាងមុខនេះ ដែលមានការកើនឡើង ១០ភាគរយនៃការផលិតនៅក្នុងឆ្នាំនេះ ទោះបីជាមានការកើនឡើងដូចនេះក៏ដោយ ក៏នៅតែត្រូវការផលិតរថយន្តឱ្យបាន ១លានគ្រឿងបន្ថែមទៀតនៅខែមីនា ឆ្នាំ២០២២នេះ ដើម្បីឈានឱ្យដល់គោលដៅផលិតប្រចាំឆ្នាំសរុបចំនួន ៩លានគ្រឿង។

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកបាននឹងកំពុងព្យាយាមបង្កើនផលិតកម្មនៅចុងខែមីនាខាងមុខ ដើម្បីបង្កើនផលិតផលដែលបានបាត់បង់ ដោយសារតែកង្វះខាតសមាសភាពផលិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជួបបញ្ហាដោយសារការរឹតបន្តឹងពីការបិទខ្ទប់ជំងឺរាតត្បាត COVID-19 និងកង្វះខាតបន្ទះឈីបជាសកល។

គួរជម្រាបផងដែលថា ក្រុមហ៊ុន Toyota និងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតត្រូវបានបង្ខំឱ្យទប់ស្កាត់ការផលិត ទោះបីជាតម្រូវការនៅក្នុងទីផ្សារសំខាន់ៗដូចជាប្រទេសចិនមានសន្ទុះងើបឡើងវិញក៏ដោយ ហើយមូលហេតុធំគឺដោយសារជំងឺកូវីដ១៩៕