(វ៉ារេស)៖ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda នឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡារដូវរងារ Beijing 2022 Winter Olympics ហើយនឹងជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping ផងដែរ។ នេះបើតាមជំនួយការកំពូលម្នាក់បានប្រាប់សារព័ត៌មានរដ្ឋប៉ូឡូញ PAP ចុះផ្សាយនាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ស្របពេលដែលបណ្តាប្រទេសលោកខាងលិចមួយចំនួន ស្នើឲ្យមន្ត្រីការទូតធ្វើពហិកា (មិនចូលរួម) ក្នុងព្រឹត្តិការណ៍នេះ។

ការមិនចូលរួមរបស់សហរដ្ឋអាមេរិក និង ៦ប្រទេសផ្សេងទៀត គឺដើម្បីតវ៉ានឹងបញ្ហាសិទ្ធិមនុស្សនៅប្រទេសចិន ដែលបានចូលរួមដោយអូស្ត្រាលី, អង់គ្លេស, កាណាដា ជប៉ុន ហូឡង់ និងដាណឺម៉ាក។

«លុះត្រាតែការរាតត្បាតនៃជំងឺ ឬក៏ស្ថានភាពសន្តិសុខមានការប្រែប្រួលនៅតាមព្រំដែនរបស់យើង បើមិនដូច្នោះទេប្រធានាធិបតី នឹងចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាចម្រុះ Olympic Games នៅប្រទេសចិន ហើយនឹងគាំទ្រអត្តពលិកប៉ូឡូញតាមរបៀបនេះ» នេះបើតាមសម្តីលោក Jakub Kumoch ទីប្រឹក្សាកិច្ចការបរទេសរបស់ប្រធានាធិបតីបានប្រាប់ PAP។

ក្រុមមន្ត្រីបានប្រាប់សារព័ត៌មាន Reuters ថា ដោយសារតែទំនាក់ទំនងរបស់ប៉ូឡូញជាមួយសហរដ្ឋអាមេរិក មានភាពមិនល្អ ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden។ វាមិនមានប្រយោជន៍អ្វីសម្រាប់ប៉ូឡូញក្នុងការបន្តរិះគន់ចិន ដើម្បីផ្គាប់ចិត្តអាមេរិកនោះទេ។ ទំនាក់ទំនងរបស់ប្រធានាធិបតីប៉ូឡូញ ជាមួយចិនមានភាពវិជ្ជមាននាពេលថ្មីៗនេះ។

ប្រទេសហូឡង់ និងដាណឺម៉ាក ក៏បានប្តេជ្ញាក្នុងការចូលរួមធ្វើពហិកាការទូតក្នុងព្រឹត្តិការណ៍ Beijing 2022 Winter Olympics នេះដែរ។

ចិនបានបដិសេធការរំលោភបំពានសិទ្ធិមនុស្ស ហើយបានថ្កោលទោស ចំពោះការធ្វើពហិកានេះដោយថា ជាការក្បត់គោលការណ៍អូឡាំពិក៕