(ម៉ាទ្រីដ)៖ តារាតេន្នីស Novak Djokovic ត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈកីឡាកររូបនេះត្រូវបានគេរំពឹងថា នឹងចូលរួមប្រកួតនៅអេស្ប៉ាញ។ នេះបើតាមសម្តីអ្នកនាំពាក្យរដ្ឋាភិបាលអេស្ប៉ាញ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

«អ្វីដែលលោក Novak Djokovic ត្រូវតែធ្វើនោះ គឺចាក់វ៉ាក់សាំង។ ជាអ្វីដែលល្អប្រសើរបំផុតដើម្បីធ្វើ» នេះបើតាមសម្តីលោកស្រី Isabel Rodriguez បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីមានសំណួរសួរថា តើកីឡាករតេន្នីសលំដាប់លេខ១ ផ្នែកបុរសរបស់ពិភពលោកនេះ នឹងអនុញ្ញាតឲ្យចូលរួមប្រកួត នៅអេស្ប៉ាញឬយ៉ាងណា ក្រោយពីការបណ្តេញលោកចេញពីអូស្ត្រាលី ដោយសារលោកមិនចាក់វ៉ាក់សាំងនោះ។

កីឡាករ Djokovic ជាទូទៅតែងតែធ្វើដំណើរទៅកាន់អេស្ប៉ាញ ជាទីកន្លែងដែលលោកមានផ្ទះមួយនៅភាគខាងត្បូងរមណីយដ្ឋាន Marbella។ លោកបានចំណាយពេលប៉ុន្មានថ្ងៃនៅទីនោះកាលពីចុងខែធ្នូ និងដើមខែមករានេះ ហើយតាមរយៈវីដេអូបានបង្ហាញថា លោកបានហ្វឹកហាត់នៅទីនោះដែរ៕