(ម៉ាទ្រីដ)៖ លោក Francisco «Paco» Gento ជាអតីតកីឡាករម្នាក់ ក្នុងចំណោមកីឡាករឆ្នើមបំផុតរបស់ក្លិប Read Madrid និងជាម្ចាស់ពានរង្វាន់ European ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញនោះ បានស្លាប់ហើយក្នុងវ័យ ៨៨ឆ្នាំ។ នេះបើតាមការឲ្យដឹងពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

ដោយបានចាប់ផ្តើមអាជីពរបស់លោកនៅឯក្លិប Racing Santander លោក Gento បានចូលរួមជាមួយអេស្ប៉ាញ Real Madrid ក្នុងឆ្នាំ១៩៥៣ និងបានចំណាយពេល ១៨ឆ្នាំនៅក្លិបដែលមានមូលដ្ឋាននៅរដ្ឋធានីអេស្ប៉ាញនេះរហូតដល់ចូលនិវត្តន៍ក្នុងឆ្នាំ១៩៧១។

អតីតកីឡាករខ្សែបម្រើស្លាបឆ្វេងរូបនេះបានបង្ហាញខ្លួន ៦០០ប្រកួតសម្រាប់ក្លិប Real Madrid និងស៊ុតបញ្ចូលទីបាន ១៨២គ្រាប់ផងដែរ។

លោក Gento បានជាប់លេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញចំនួន ៤៣លើក និងបានលេងតំណាងឲ្យប្រទេសរបស់លោកក្នុងព្រឹត្តិការណ៍ World Cup ក្នុងឆ្នាំ១៩៦២ និងឆ្នាំ១៩៦៦ ដែរ៕