(មូស្គូ)៖ តុលាការក្រុងមូស្គូកាលពីថ្ងៃចន្ទបានបានឱ្យដឹងថា ខ្លួនបានបញ្ជាឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Alphabet ដែលជាមេធំរបស់ Google បង់ប្រាក់ចំនួន ៤លានរូប្លែ (ប្រហែល ៥២,៥២៦ដុល្លាអាមេរិក) សម្រាប់ការមិនព្រមដកហូតសិទ្ធិចូលប្រើប្រាស់មាតិកាដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី ដែលជាការពិន័យចុងក្រោយបំផុតសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់សហរដ្ឋអាមេរិកនេះ។

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថាប្រទេសរុស្ស៊ីបានព្យាយាមដាក់សម្ពាធទៅលើក្រុមហ៊ុន Big Tech ដោយមានការផាកពិន័យដោយផ្អែកលើប្រាក់ចំណូលជាច្រើនទៅលើ Google និង Meta Platforms ចំពោះការខកខានម្តងហើយម្តងទៀតក្នុងការលុបមាតិកា ដែលទីក្រុងម៉ូស្គូចាត់ទុកថាខុសច្បាប់។

ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍បន្ថែមទៀតថា Google ត្រូវបានផាកពិន័យចំពោះការផ្តល់សិទ្ធិនូវការចូលទៅកាន់តំណភ្ជាប់នៃគេហទំព័រដែលត្រូវបានគេហាមឃាត់៕