(បរទេស)៖ អ្នករៀបចំកម្មវិធី និងទូរទស្សន៍ CBS បានរាយការណ៍ថា កម្មវិធីប្រគល់ពានរង្វាន់ដ៏ធំប្រចាំឆ្នាំ «Grammy Awards» ២០២២ បានសម្រេចរៀបចំកាលបរិច្ឆេទថ្មីឡើងវិញ ពោលគឺនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ខាងមុខ នៅ Las Vagas។ ការប្រកាសរៀបចំឡើងវិញនេះ បន្ទាប់ពីអ្នករៀបចំកម្មវិធីនេះ ទើបតែប្រកាសពន្យារពេល ដោយសារវីរុសបំប្លែងថ្មីអូមីក្រុង។

តាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា កម្មវិធីនេះដំបូងឡើយ គ្រោងរៀបចំឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅ Los Angeles ប៉ុន្តែក៏ត្រូវបានសម្រេចពន្យារពេល ដោយសារតែការកើនឡើងករណីឆ្លងកូវីដ-១៩ បង្ករឡើងដោយវីរុសបំប្លែងថ្មី អូមីក្រុង ខណៈការប្រកាសរៀបចំឡើងវិញនេះ អ្នករៀបចំកម្មវិធី មិនទាន់បញ្ជាក់ពីព័ត៌មានលំអិតជុំវិញការរៀបចំពិធីទេ ពោលគឺបង្ហាញត្រឹមតែកាលបរិច្ឆេទនិងទីតាំង គឺធ្វើនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ នៅ Las Vagas ដោយមានពិធីករដូចសព្វមួយដង និងមានការផ្សាយផ្ទាល់ផងដែរ។

គួរជម្រាបថា កម្មវិធីប្រគល់ពានរង្វាន់ដ៏ធំបំផុត ក្នុងចំណោមកម្មវិធីប្រគល់ពានរង្វាន់នានា របស់អាមេរិក គឺ «Grammy Awards» កាលពីឆ្នាំ២០២១កន្លងទៅ ក៏ត្រូវបានពន្យារពេលផងដែរ ដោយលើកពីខែមករា ទៅធ្វើនៅខែមីនាវិញ ដោយសារតែកូវីដ-១៩ ហើយកាលណោះ គឺមិនមានការផ្សាយផ្ទាល់ឡើយ ពោលគឺជាកម្មវិធីថតទុក និងយកទៅចាក់តាមក្រោយ៕