(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង នាព្រឹកថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២នេះ បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ធនាគារ ជីប ម៉ុង សាខាសែនសុខម៉ល ដែលមានទីតាំងស្ថិតនៅផ្សារទំនើប ជីប ម៉ុង សែនសុខ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងសមាជិកដទៃទៀតនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, លោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង ថ្នាក់ដឹកនាំធនាគារ និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ចន ប៊ែល បានថ្លែងថា៖ «ធនាគារ ជីប ម៉ុង សាខាសែនសុខម៉ល គឺបង្កើតឡើងដើម្បីបំពេញតម្រូវការអតិថិជនដែលរស់នៅ ឬប្រកបការងារនៅតំបន់នេះ ហើយជាទូទៅធនាគារយើងខ្ញុំ តែងតែផ្សារភ្ជាប់ខ្លួនជាមួយនឹងបណ្តាញពាណិជ្ជកម្មផ្សេងៗទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង ដើម្បីធ្វើឱ្យអតិថិជនកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា។ សាខាធនាគារក្នុងផ្សារ ជីប ម៉ុង ក៏ផ្តល់ភាពងាយស្រួលចំពោះអតិថិជន មិនត្រឹមតែធ្វើប្រតិបត្តិការហរិញ្ញវត្ថុប៉ុណ្ណោះទេ ហើយថែមទាំងអាចឆ្លៀតពេលដើរកម្សាន្ត និងទិញទំនិញក្នុងផ្សារបានផងដែរ»

លោកបានបន្តថា «ធនាគារ ជីប ម៉ុង សាខាសែនសុខម៉ល ត្រូវបានរចនាឡើងយ៉ាងពិសេស ជាមួយបរិក្ខារទំនើបប្រណីតៗ ដើម្បីបម្រើសេវាកម្មសម្បូរបែប និងល្អឥតខ្ចោះជូនអតិថិជន។ យើងខ្ញុំសង្ឃឹមថាអតិថិជននឹងពេញចិត្តសាខាថ្មីនេះ។ តំបន់សែនសុខ ជាតំបន់សក្តានុពលមាន មនុស្សរស់នៅច្រើនកុះករ ជាមួយកម្រិតជីវភាពល្អប្រសើរ មានផ្សារទំនើប គម្រោងផ្ទះ មានអាជីវកម្មខ្នាតតូចនិងមធ្យម និងសាលារៀន ជាច្រើន។ សាខាសែនសុខម៉លនឹងនៅជិតអតិថិជនជានិច្ច»

ក្នុងឱកាសអបអរសាទ ពិធីសម្ពោធជាផ្លូវការ ធនាគារ ជីប ម៉ុង សាខាសែនសុខម៉ល រយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៩ ដល់២១ ខែមករា ឆ្នាំ២០២២នេះ រាល់អតិថិជនដែលការបើកគណនីថ្មី, ដាក់ប្រាក់បញ្ញើ, ស្នើកម្ចីគ្រប់ប្រភេទ, ឬសាកសួរព័ត៌មាននានា នឹងទទួលបានកាដូដ៏ស្រស់ស្អាតជាច្រើនផងដែរ។ ការផ្តល់ជូននេះមានតែនៅ ធនាគារ ជីប ម៉ុង សាខាសែនសុខម៉ល តែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ធនាគារ ជីប ម៉ុង សាខាសែនសុខម៉លគឺជាសាខាទី១២ របស់ធនាគារជីបម៉ុង ដែលក្នុងនោះ ៩សាខាស្ថិតនៅរាជធានីភ្នំពេញ និង ៣សាខាទៀតស្ថិតនៅខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប ហើយនាពេលដ៏ឆាប់ខាងមុខនេះ ធនាគារ ជីប ម៉ុងនឹងបើកសាខាថ្មីមួយទៀតនៅទីតាំងផ្លូវ598 ផងដែរ។

សម្រាប់ព័ត៌មានបន្ថែម៖ 081/066 811 911 ៕