(បាត់ដំបង)៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំព្រឹត្តការណ៍បាត់ដំបងម៉ារ៉ាតុងសប្បុរសធម៌ ឆ្នាំ២០២២ ក្រោមអធិបតីលោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក៣ខេត្ត (ខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ) តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក ធូ ភា អភិបាលរងខេត្ត តំណាងលោក សុខ លូ និងលោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុងបាត់ដំបង មន្ទីរ វិស័យពាក់ព័ន្ធជុំវិញខេត្ត អនុប្រធាន និងសមាជិក ស.ស.យ.ក ខេត្ត ក្រុង/ស្រុកទាំង១៤ សិស្ស និស្សិត និងកីឡាករ កីឡាការនីចំនួន១៤០០នាក់។

កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងស្វែងរកមូលនិធិជួយដល់កុមារកំព្រាក្នុងខេត្តបាត់ដំបង និងដើម្បីលើកស្ទួយវិស័យកីឡាក្នុងខេត្ត ក៏ដូចជាលើកចិត្តទឹកចិត្តចំពោះយុវជន យុវនារីចូលរួមលេងកីឡា ចៀសផុតពីគ្រឿងញៀន និងល្បែងអបាយមុខ និងនាំមកនូវសុខភាព មិត្តភាព និងសាមគ្គីភាពផងដែរ។

ជាលទ្ធផលចំណាត់ថ្នាក់កីឡាករផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ Miroshi Ake ជនជាតិជប៉ុន ចំណាត់ថ្នាក់លេខ២ Davey Calko ជនជាតិអង់គ្លេស និងចំណាត់ថ្នាក់លេខ៣ សុយ មាស សមាជិក ស.ស.យ.ក.ស្រុកភ្នំព្រឹក។

ចំណាត់ថ្នាក់កីឡាការិនីផ្នែកនារី ចំណាត់លេខ១ បានទៅលើកីឡាការនី កញ្ញា Agnes ជនជាតិដាណឺម៉ាក ចំណាត់ថ្នាក់លេខ២ កញ្ញា ញ៉ ចំរ៉ុម មកពីអង្គការករុណាបាត់ដំបង ចំណាត់ថ្នាក់លេខ៣ កញ្ញា រ៉ ធីតា មកពីវិទ្យាល័យព្រះមុនីវង្ស។

ក្នុងនោះជ័យលាភីចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ មេដាយមាស១ ទង់ជ័យលាភី១ និងប្រាក់ឧបត្ថម្ភ១លានរៀល ចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់១ ទង់ជ័យលាភី១ និងប្រាក់ឧបត្ថម្ភចំនួន៨០ម៉ឺនរៀល និង ចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរិទ្ធ១ ទង់ជ័យលាភី១ និងប្រាក់ឧបត្ថម្ភចំនួន៦០ម៉ឺនរៀល។

ដោយឡែកជ័យលាភីចំណាត់លេខ៤ដល់លេខ១០ ទទួលបានមេដាយសំរិទ្ធ១ បាច់ផ្កា១ និងប្រាក់លើកទឹកចិត្តក្នុងម្នាក់ ១០ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភដល់កីឡាករ កីឡាការនី ជនពិការសរុប៣០នាក់ ម្នាក់ៗ ទទួលបានថវិការឧបត្ថម្ភ ៤ម៉ឺនរៀលផងដែរ៕