(ប៊ែកឡាំង)៖ Borussia Dortmund ក៏បានចូលរួមជាមួយសមាជិក Bundesliga រួមមាន Cologne និង Mainz ដែរក្នុងការជ្រុះចេញពីព្រឹត្តិការណ៍ German Cup នៅត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ក្រុមមកពីលីគទី២ Bundesliga 2 ដូចៗគ្នានាយប់មិញនេះ។

ជាការពិត និងភ្ញាក់ផ្អើលជាខ្លាំងនៅពេល Dortmund ដែលជាក្រុមការពារតំណែងជើងឯក German Cup រដូវកាលមុនបានចាញ់ក្រុមមកពីក្រុមកំពូលតារាងនៃ Bundesliga 2 គឺ St Pauli ក្នុងលទ្ធផល ២-១ ដ្បិតពួកគេរកបានតែ ១គ្រាប់ប៉ុណ្ណោះដោយបាល់ ១១ម៉ែត្រពីការស៊ុតរបស់ខ្សែប្រយុទ្ធ Erling Braut Haaland នៅពេលកីឡាករ Etienne Amenyido រកបានគ្រាប់បើកឆាកត្រឹមចាប់ផ្តើមលេងបាន ៤នាទី និង Own goal របស់ខ្សែការពារ Axel Witsel ក្នុងរយៈពេល ៤៥នាទីដំបូង។

ក្រោយពីការយកឈ្នះ Dortmund រួចមក St Pauli ក៏បានសរសេរបង្ហោះលើបណ្តាញ Instagram របស់ខ្លួន ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «វាជារឿងមិនគួរឲ្យជឿដែលពួកយើងអាចធ្វើបានលទ្ធផល ២-១ ទៅលើ Borussia Dortmund ដែលជាក្រុមការពារតំណែងជើងឯកបែបនេះ មុនឈានទៅវគ្គ ៨ក្រុមចុងក្រោយដ៏គួរឲ្យភ្ញាក់ផ្អើលសោះ»

ដូចគ្នានោះដែរ ក្រុមលេងនៅលីគកំពូលអាល្លឺម៉ង់ដូចគ្នារួមមាន Cologne ក៏បានជ្រុះចេញពី German Cup ក្រោមថ្វីជើងរបស់ Hambury SV ដោយបាល់ ១១ម៉ែត្រដែរ នៅពេលប្រកួតពេញម៉ោងស្មើគ្នា ១-១ និង Bochum ទមា្លក់ Mainz ក្នុងលទ្ធផល ៣-១៕