(ពិភពលោក)៖ ជាក់ស្តែងនរណាៗ ក៏ស្គាល់កំពូលមហាសេដ្ឋីអាមេរិកលោក បៀល ហ្កេត (Bill Gates) ដែរថា ជាអ្នកដែលបង្កើតក្រុមហ៊ុនបច្ចេកវិទ្យា ម៉ាយក្រូសូហ្វ (Microsoft) ដ៏ធំសម្បើម។ ប៉ុន្តែ Microsoft មានសហស្ថាបនិកម្នាក់ទៀតគឺលោក ផូល អាលែន (Paul Allen) ដែលមិនសូវមាននរណាស្គាល់ឡើយ ពោលគឺជាបុគ្គលនៅពីក្រោយខ្នង Bill Gates ក៏ដូចជាពីក្រោយភាពជោគជ័យរបស់ Microsoft ផ្ទាល់។ បច្ចុប្បន្នលោក Allen ពុំនៅលើលោកនេះទៀតទេ ព្រោះលោកបានទទួលមរណភាពដោយសារជំងឺមហារីក កាលពីឆ្នាំ២០១៨។ ពេលស្លាប់លោក Allen មានទ្រព្យសម្បត្តិជាង២០ពាន់លានដុល្លារ និងស្ថិតនៅលេខរៀងទី៤៤ នៃកំពូលមហាសេដ្ឋីលើពិភពលោក។

លោក ផូល ហ្កាដណឺ អាលែន (Paul Gardner Allen) បានកើតនៅថ្ងៃទី២១ ខែមករា ឆ្នាំ១៩៥៣ ក្នុងទីក្រុងស៉ីអាថល (Seattle) នៃរដ្ឋវ៉ាស៉ីនតោនរបស់សហរដ្ឋអាមេរិក ដោយឪពុកគឺជាបណ្ណារក្ស ខណៈម្តាយលោកជាគ្រូបង្រៀន។ លោក Allen បានចាប់អារម្មណ៍ទៅលើវិទ្យាសាស្រ្តតាំងតែពីក្មេងវ័យ។ ពេលចូលទៅសិក្សានៅឯសាលាឯកជនមួយឈ្មោះថា ឡេកសាយ (Lakeside) ក្នុងទីក្រុង Seattle លោក Allen ក៏បានផ្សាភ្ជាប់ចំណងមិត្តភាពជិតស្និទ្ធ ជាមួយមិត្តភក្តិម្នាក់គឺលោក Bill Gates។ ពេលនោះលោក Allen មានអាយុ១៤ឆ្នាំ ពោលគឺបងលោក Gates ដែលមានអាយុ១២ឆ្នាំ ខណៈអ្នកទាំងពីរជាអ្នកចូលចិត្តផ្នែកកុំព្យូទ័រដូចគ្នា។

នៅឆ្នាំ១៩៧២ លោក Allen ត្រូវបានសាកលវិទ្យាល័យរដ្ឋវ៉ាស៉ីនតោន (Washington State University) ទទួលឱ្យចូលបន្តការសិក្សា ប៉ុន្តែលោកបានសម្រេចចិត្តបោះបង់ចោលការសិក្សា ក្រោយរៀននៅទីនោះបានត្រឹម២ឆ្នាំ ដើម្បីទៅធ្វើការជាអ្នកសរសេរកម្មវិធី (Programmer) ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាមួយឈ្មោះថា ហុននីវែល (Honeywell) ដែលស្ថិតនៅទីក្រុងបូស្តុន (Boston) រដ្ឋម៉ាសាឈូសេត (Massachusetts) គឺនៅក្បែរសាកលវិទ្យាល័យហាវ៉ាដ (Harvard University) ដែលលោក Bill Gates កំពុងតែសិក្សានាពេលនោះ។

មិត្តសម្លាញ់ទាំងពីរបានជួបជុំគ្នាសាជាថ្មីឡើងវិញ ហើយថែមទាំងបានរួមគ្នាអភិវឌ្ឍកម្មវិធីសម្រាប់ដំណើរការលើមីក្រូកុំព្យូទ័រដំបូងៗ គឺប្រភេទកុំព្យូទ័រសព្វថ្ងៃនេះឯង ដោយផ្អែកលើភាសាកុំព្យូទ័រ (Programming Language) ហៅថា បេស៉ីក (BASIC) ដែលជាទូទៅប្រើប្រាស់ដោយកុំព្យូទ័រធំៗសម័យមុនៗ។ នៅឆ្នាំ១៩៧៥ លោក Allen និង លោក Gates ក៏ទទួលបានកិច្ចសន្យាពីក្រុមហ៊ុន Micro Instrumentation and Telemetry Systems (MITS) ហើយលោក Allen បានចូលបម្រើការឱ្យ MITS។

ដោយសារភាពជោគជ័យនៃគម្រោងនេះ និងដោយសារការបញ្ចុះបញ្ចូលពីលោក Allen ផង លោក Bill Gates បានសម្រេចចិត្តចាកចេញពី សាកលវិទ្យាល័យហាវ៉ាដ ខណៈលោកជានិស្សិតឆ្នាំទី៣ទៅហើយ។ ក្នុងឆ្នាំ១៩៧៥ ដដែល លោក Allen និងលោក Gates បានបង្កើតក្រុមហ៊ុនខ្លួនឯងផ្ទាល់ឈ្មោះថា ម៉ាយក្រូ-សូហ្វ (Micro-Soft) ដែលក្រោយមកទើបក្លាយទៅជា ម៉ាយក្រូសូហ្វ ខ័រផូរេសិន (Microsoft Corporation)។ លោក Paul Allen គឺជាអ្នកនឹកឃើញឈ្មោះនេះ។

នៅឆ្នាំ១៩៧៦ លោក Allen បានចាកចេញពីក្រុមហ៊ុន MITS ដើម្បីមកធ្វើការពេញម៉ោងនៅ Microsoft ហើយលោកជួយឱ្យសម្រេចបាននូវការចុះកិច្ចព្រមព្រៀងទិញ អាជ្ញាបណ្ណប្រព័ន្ធប្រតិបត្តិការហៅថា Quick and Dirty Operating System (QDOS ឬ 86-DOS) ពីក្រុមហ៊ុន Seattle Computer Products (SCP)។

ប្រព័ន្ធ 86-DOS ត្រូវបានបង្កើតឡើងដោយលោក ធីម ផាធើសុន (Tim Paterson) ដែលជាអ្នកសរសេរកម្មវិធីរបស់ក្រុមហ៊ុន SCP។ Microsoft បានប្រែក្លាយ 86-DOS ឱ្យទៅជាប្រព័ន្ធប្រតិបត្តិការ MS-DOS របស់ខ្លួន ហើយទទួលបានកិច្ចសន្យាពីក្រុមហ៊ុនកុំព្យូទ័រយក្សសម័យនោះគឺ International Business Machines Corporation (IBM) ដើម្បីផ្គត់ផ្គង់ MS-DOS ឱ្យកុំព្យូទ័រ PC របស់ IBM។ ប្រការនេះបានធ្វើឱ្យ Microsoft ជោគជ័យជាខ្លាំង។

លោក Allen បានកាន់តួនាទីជានាយកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Microsoft រហូតដល់ពេលលោកលាឈប់នៅឆ្នាំ១៩៨៣ ក្រោយពីលោកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញជំងឺមហារីកកូនកណ្តុរប្រភេទ ហូដគីន (Hodgkin) ប៉ុន្តែលោកបានបន្តស្ថិតនៅក្នុង ក្រុមប្រឹក្សាភិបាលរបស់ Microsoft នៅឡើយ។ លោក Allen បានឆ្លងកាត់ការព្យាបាលជំងឺមហារីករបស់លោកជាច្រើនលើក និងទទួលបានជោគជ័យ។

ក្រោយពេលធូរស្បើយ លោក Allen និងប្អូនស្រី ចូឌី អាលែន (Jody Allen) បានបង្កើតក្រុមហ៊ុនឈ្មោះថា វុលខាន់ (Vulcan Inc.) សម្រាប់គ្រប់គ្រងការវិនិយោគរបស់លោក ព្រមទាំងគម្រោងផ្សេងៗនៅឆ្នាំ១៩៨៦។ នៅឆ្នាំ១៩៨៨ លោក Allen បានក្លាយជាម្ចាស់ក្រុមបាល់បោះអាមេរិក ផតលែន ត្រេល ប្លេស្សឺ (Portland Trail Blazers) ហើយនៅឆ្នាំ១៩៩០ លោកនិងប្អូនស្រីបានរួមគ្នាបង្កើតមូលនិធិសប្បុរសធម៌ Paul G. Allen Family Foundation ដែលផ្តោតលើការអភិវឌ្ឍន៍សហគមន៍ នៅតាមតំបន់ប៉ាស៉ីហ្វិកភាគពាយព្យ តាមរយៈការផ្តល់ជំនួយឲ្យអង្គការមិនរកប្រាក់ចំណេញជាច្រើន។

នៅឆ្នាំ១៩៩៧ លោក Paul Allen បានបង្កើតក្រុមហ៊ុនផលិតខ្សែភាពយន្ត វុលខាន់ ប្រូដាក់សិន (Vulcan Productions) និងក្លាយជាម្ចាស់ក្រុមបាល់ឱប ស៉ីអាថល ស៉ីហាក (Seattle Seahawks) ថែមទៀត។ ពេលចូលដល់សហវត្សរ៍ថ្មី លោក Allen បានលាលែងពីក្រុមប្រឹក្សាភិបាលរបស់ Microsoft ហើយលោកបានលក់ភាគហ៊ុនមួយចំណែកធំ ដែលលោកមាននៅក្រុមហ៊ុននេះ។ នៅឆ្នាំ២០០៣ លោកបានបង្កើតវិទ្យាស្ថាន Allen Institute for Brain Science ដែលផ្តោតលើការស្រាវជ្រាវវិទ្យាសាស្រ្តផ្នែកខួរក្បាល។

នៅឆ្នាំ២០០៤ លោកបានផ្តល់ហិរញ្ញវត្ថុក្នុងគម្រោងអភិវឌ្ឍ និងធ្វើតេស្តយន្តហោះពិសោធន៍ SpaceShipOne ហើយនៅឆ្នាំ២០០៧ លោកបានក្លាយជាសហម្ចាស់កម្មសិទ្ធិនៃក្រុមបាល់ទាត់ ស៉ីអាថល សោនដឺ (Seattle Sounders)។ លោក Allen បានបង្កើតគម្រោងជាច្រើនផ្សេងទៀត ដូចជាវិទ្យាស្ថាន Allen Institute for Artificial Intelligence នៅឆ្នាំ២០១៣ ជាដើម ដែលផ្តោតលើការស្រាវជ្រាវផ្នែកបញ្ញាសិប្បនិម្មិត (Artificial Intelligence ឬ AI) ។ លោក Allen ក៏បានចូលរួមពាក់ព័ន្ធក្នុង កិច្ចការងារស្រាវជ្រាវរុករកក្រោមផ្ទៃសមុទ្រផងដែរ ដូចជាការរកឃើញខ្មោចនាវាចម្បាំងជាច្រើនពីសម័យសង្រ្គាមលោក ដូចជា យូអេសអេស អ៉ីនឌីអាណាផូលីស (USS Indianapolis) កាលពីឆ្នាំ២០១៧ និងយូអេសអេស ឡិចស៉ីងតោន (USS Lexington) នៅឆ្នាំ២០១៨។ នៅឆ្នាំ២០១១ លោកបានចេញផ្សាយនូវសៀវភៅ «Idea Man» ដែលរៀបរាប់ពីប្រវត្តិរបស់ក្រុមហ៊ុន Microsoft និងទំនាក់ទំនងរបស់លោក ជាមួយលោក Bill Gates។ ក្នុងឆ្នាំ២០១១ លោកក៏បានបង្កើតក្រុមហ៊ុនផលិតយន្តហោះពិសេស ស្ត្រាតថូឡាញ់ ស៉ីស្ទឹម (Stratolaunch Systems) ផងដែរ។

គួរជម្រាបថា លោក Paul Allen មិនធ្លាប់រៀបការនោះទេ ក្នុងមួយឆាកជីវិតរបស់លោក ប៉ុន្តែធ្លាប់មានមិត្តស្រីច្រើនគួរសម។ លោកត្រូវគេស្គាល់ថាជាបុគ្គល ដែលមិនសូវចង់ឲ្យគេដឹងពីជីវិតឯកជនរបស់លោកឡើយ។ លោកចូលចិត្តលេងហ្គីតា និងមានគេហដ្ឋាន ព្រមទាំងកប៉ាល់កម្សាន្តយ៉ាងប្រណិតៗជាច្រើន។ នៅឆ្នាំ២០០៩ លោក Allen ត្រូវបានពិនិត្យឃើញ ជំងឺមហារីកកូនកណ្តុរប្រភេទមួយទៀតគឺ ណន់-ហូដគីន (Non-Hodgkin) ដែលភ្លាមៗត្រូវបានព្យាបាលជាសះស្បើយ ប៉ុន្តែវាបានលាប់មកវិញកាលពីខែតុលា ឆ្នាំ២០១៨ រហូតបណ្តាលឱ្យលោកទទួលមរណភាពតែម្តង ក្នុងវ័យ៦៥ឆ្នាំ។ ពេលនោះ លោក Bill Gates និងមេក្រុមហ៊ុនបច្ចេកវិទ្យាឯទៀតៗដូចជា លោក ធីម ឃុក (Tim Cook), លោក ចេហ្វ បេហ្សូស (Jeff Bezos) និងលោក សុនដា ពីឆៃ (Sundar Pichai) ជាដើម សុទ្ធតែបានចូលរួមសម្តែងការសោកស្តាយ ចំពោះការបាត់បង់រូបលោក៕