(បរទេស)៖ ប្រាក់ចំណូលដែលបានមកពីការចាក់បញ្ចាំងភាពយន្តនានា នៅក្នុងប្រទេសចិន គឺទទួលបានរហូតដល់៧២លានដុល្លារអាមេរិក ត្រឹមរយៈពេល៦ថ្ងៃ ខណៈរឿងភាគចិន ចំណងជើងថា «Embrace Again» និងរឿង «The Matrix» វគ្គថ្មី ជាកត្តាជំរុញឲ្យប្រាក់ចំណូលកើនឡើង។ ទោះជាបែបនេះក្តី រឿង «The Matrix» ត្រូវបានគេដឹងថា នៅតែមិនទាន់ស្វែងរកប្រាក់ចំណេញបាននៅឡើយទេ បើសរុបចំណូលទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

បើតាមគេហទំព័រទិន្នន័យលក់សំបុត្រភាពយន្តក្នុងប្រទេសចិន Maoyan បានបង្ហាញថា ខ្សែភាពយន្តរបស់ចិន «Embrace Again» ដែលនិយាយពីជីវិតរបស់មនុស្សធម្មតាមួយក្រុម រស់នៅក្នុងអំឡុងពេលបិទខ្ទប់ ក្នុងក្រុង Wuhan នៃខេត្ត Hubei ដោយសារកូវីដ-១៩ មកទល់នឹងពេលនេះ គឺរកចំណូលពីការចាក់បញ្ចាំងបាន ១៣០លានដុល្លារអាមេរិក និងបន្តចាក់បញ្ចាំងរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំនេះ ខណៈរឿងនេះ បានទាញយកចំណាប់អារម្មណ៍ទស្សនិកជន ខ្លាំងជាងរឿង «The Matrix» វគ្គថ្មី ក្នុងសប្តាហ៍ទី៣។

ទន្ទឹមគ្នានេះ សម្រាប់រឿងហូលីវូដ «The Matrix» វគ្គ៤ សម្ដែងលោក Keanu Reeves ដែលទស្សនិកជនភាគច្រើន ស្គាល់គាត់តាមរយៈតួអង្គ John Wick នោះ ត្រូវបានបញ្ជាក់ថា ក៏ទទួលចំណូលបានច្រើនដែរ ពីការចាក់បញ្ចាំងក្នុងប្រទេសចិន ពោលគឺផ្ទុះខ្លាំងនៅថ្ងៃទី១៤ ខែមករា កន្លងទីនេះ។ បើនិយាយទៅ នៅថ្ងៃទី១ នៃការចាក់បញ្ចាំងទទួលបាន ២.៦៨លានដុល្លារ និងនៅថ្ងៃទី២ គឺទទួលបាន ២.៨៣លានដុល្លារ។ ទោះជាបែបនេះក្តី នៅតែមិនអាចជួយឲ្យរឿងនេះ ទទួលជោគជ័យក្នុងការស្វែងរកប្រាក់ចំណូលឲ្យបានក្រាស់ក្រែល ដើម្បីឈានទៅដល់ការទទួលបានចំណេញ។

គិតរហូតមកទល់នឹងពេលនេះ រឿង «The Matrix» វគ្គ៤ ត្រូវបានគេដឹងថា រកចំណូលពីការចាក់បញ្ចាំងនៅទូទាំងពិភពលោក បានជាង ១៤០លានដុល្លារអាមេរិក ខណៈចំណាយទុនក្នុងការផលិតអស់ ១៩០លានដុល្លារអាមេរិក៕