(ភ្នំពេញ)៖ ក្លិបគិរីវង់សុខសែនជ័យ បានបង្ហាញគ្រូបង្វឹកថ្មីជាផ្លូវការហើយ គឺគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Manuel Retamero ដែលកាន់សញ្ញាបត្រកម្រិត UEFA Pro License ដើម្បីដឹកនាំក្រុមនារដូវកាលថ្មី ឆ្នាំ២០២២ បន្ទាប់ពីក្លិបបានសម្រេចចែកផ្លូវជាមួយគ្រូបង្វឹកជនជាតិថៃលោក Ekapob Putisai កាលពីថ្មីៗ។

បុរសវ័យ ៤៧ឆ្នាំខាងលើធ្លាប់មានបទពិសោធន៍ជោគជាំក្នុងអាជីពបាល់ទាត់ ដោយធ្លាប់ចំណាយពេល ១៨ឆ្នាំ ធ្វើជាគ្រូបង្វឹកផង និងជានាយកបច្ចេកទេសផង នៅបណ្ដាប្រទេសជាច្រើន ដូចជាប្រទេសបារ៉ែន សហរដ្ឋអាមេមរិក ឥណ្ឌា និងម៉ុងហ្គោលីជាដើម ពិសេសលោកធ្លាប់ជួយក្រុម Aizawl FC នៃលីគកំពូលឥណ្ឌា គ្រងជើងឯកពាន Hero I-League និងជួយក្រុម Ulaanbaatar គ្រងជើងឯកពាន Mongolia Super Cup ទៀតផង។

ប៉ុន្ដែមុនក្លាយជាគ្រូបង្វឹក លោកក៏ធ្លាប់ចំណាយពេល ១៧ឆ្នាំ ធ្វើជាកីឡាករផងដែរ ហើយលោកធ្លាប់ជាអតីតកីឡាករអាជីពក្នុងក្លិប Real Valladolid C.F. S.A.D ច្រើនជាង ៧ឆ្នាំទៀតផង។ ក្រៅពីអាជីពគ្រូបង្វឹក លោក Manuel Retamero ក៏ជាអ្នកអត្ថាធិប្បាយកម្មវិធីកីឡាបាល់ទាត់តាមវិទ្យុរបស់ LA LIGA ផងដែរ។ នេះបើតាមការបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបគិរីវង់សុខសែនជ័យ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២ នេះ។

ការបង្ហាញវត្តមានគ្រូបង្វឹកថ្មីនេះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ចំពោះការត្រៀមខ្លួនរបស់ក្រុមគិរីវង់ បន្ទាប់ពីក្លិបមានមូលដ្ឋាននៅខេត្តតាកែវនេះ បានធ្វើការរុះរើកីឡាកទ្រង់ទ្រាយធំ និងកំពុងជ្រើសរើសកីឡាករល្អៗមួយចំនួនមកពង្រឹងក្រុមនារដូវកាលថ្មី ដែលនឹងមានការប្រកួតប្រជែងកាន់តែខ្លាំង បន្ទាប់ពីក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា ធ្វើកំណែទម្រង់ និងកាត់សល់បេក្ខភាពប្រកួតប្រជែងត្រឹម ៨ក្រុម៕