(បរទេស)៖ Apple បានត្រឡប់មកក្លាយជាកំពូលស្មាតហ្វូនវិញដែលបាននាំចេញស្មាតហ្វូនច្រើនជាងគេបំផុតនៅក្នុងទីផ្សារស្មាតហ្វូនទូទាំងពិភលោកនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ដោយពីមុនក្រុមហ៊ុននេះទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងត្រីមាសទី ៣ ហើយឥឡូវនេះបានវ៉ាដាច់ក្រុមហ៊ុន Samsung មកឈរនៅចំណាត់ថ្នាក់លេខ ១ វិញ។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២។

ក្រុមហ៊ុន Samsung ដែលធ្លាប់បានឈរនៅលេខរៀងកំពូលនៅក្នុងត្រីមាសទី១,២,៣ ប៉ុន្តែនៅក្នុងត្រីមាសទី ៤ នៃឆ្នាំ២០២១កន្លងទៅ ក្រុមហ៊ុន Apple បានមកកាន់កាប់តំណែងលេខ ១ វិញហើយ។

បើតាមប្រភពស្រាវជ្រាវបន្ថែមបានបង្ហាញថាក្នុងត្រីមាសទី ៤ កន្លងទៅ iPhone មានចំណែកទីផ្សារក្នុងទីផ្សារពិភពលោកចំនួន ២២ភាគរយ យកឈ្នះ Samsung និងឡើងទៅឈរលើកំពូលតារាងជំនួសវិញដោយភាពជោគជ័យរបស់ Apple លើកនេះ គឺមួយផ្នែកធំបានមកពីម៉ូដែល iPhone 13 ដែលត្រូវបានគេប្រកាសចេញកាលពី អំឡុងខែកញ្ញាឆ្នាំ២០២១ ហើយបន្ទាប់ពីដាក់លក់ វាក៏បានក្លាយជាត្រកូលទូរស័ព្ទស្មាតហ្វូន ដែលមានតម្រូវការខ្ពស់ ពីសំណាក់អតិថិជនទូទាំងពិភពលោក ជាពិសេសក្នុងទីផ្សារប្រទេសចិនតែម្ដង។

ខណៈដែលខ្សែសង្វាក់ផ្គត់ផ្គង់របស់ Apple កំពុងស្ទុះងើបឡើងវិញ ប៉ុន្តែវានៅតែមិនអាចផលិត iPhone បានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ ដូច្នេះហើយក្រុមហ៊ុន Apple ត្រូវបង្ខំចិត្តកាត់ផ្តាច់ទីផ្សារក្នុងការផលិតមួយចំនួន។

គួរបញ្ជាក់ផងដែរថា Apple បានដណ្ដើមតំណែងលេខ ១ ប្រចាំត្រីមាសទី ៤ បានមកវិញ ប៉ុន្តែ Samsung ក៏ទទួលបានចំណែកទីផ្សារខ្ពស់ផងដែរ គឺទទួលបាន ២០ភាគរយដែលទាបជា Apple តែ ២ភាគរយប៉ុណ្ណោះ ខណៈដែល Xiaomi ឈរនៅលេខរៀងទី ៣ មានចំណែកទីផ្សារ ១២ភាគរយ ហើយ OPPO មានចំណែកទីផ្សារ ៩ភាគរយ និង Vivo មានចំណែកទីផ្សា ៨ភាគរយផងដែរ៕