(ភ្នំពេញ)៖ បន្ទាប់ពីប្រគល់រង្វាន់ធំទឹកប្រាក់១០០លានរៀល ដល់អ្នកឈ្នះរង្វាន់នៅខេត្តតាកែវ កាលពីពេលកន្លងទៅថ្មីៗ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តប្រគល់រង្វាន់ធំចំនួន១០០លានរៀល ដល់អ្នកមានសំណាងបន្ទាប់ដែលរស់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នេះជាការបើកទំព័រថ្មីនៃគ្រឹះសករាជ ឆ្នាំ២០២២ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានចុះចែករង្វាន់ធំដល់អ្នកមានសំណាងម្នាក់ទៀតឈ្មោះ អ៉ឹម ឌី ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរជាជាងជួសជុលម៉ូតូនៅផ្សារឃ្លាំងរំសេវ និងមានអាសយដ្ឋានដូចបានបង្ហាញជូននៅខាងលើនេះ។

ក្រោមការចូលរួមអបអរសាទរពីសំណាក់ញាតិមិត្តរស់នៅជិតខាង និងអ្នកតំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋានលោក អ៉ឹម ឌី បានប្រាប់ឱ្យដឹងថា ដោយសារតែជីវភាពគ្រួសារខ្សត់ខ្សោយ លោក និងប្រពន្ធព្រមទាំងកូនប្រុសម្នាក់ទៀតបានសម្រេចចិត្តចាកចេញពីស្រុកកំណើតខេត្តកំពង់ស្ពឺ មកប្រកបអាជីពជាជាងជួសជុលម៉ូតូនៅម្តុំផ្សារឃ្លាំងរំសេវ រាជធានីភ្នំពេញ ដោយស្នាក់នៅក្នុងផ្ទះជួល។

លោកបានបន្តថា អាជីពជាជាងជួសជុលម៉ូតូហាក់មិនទទួលបានចំណូលស្ថិតស្ថេរប្រចាំថ្ងៃនោះទេ ម៉្យាងទៀតដោយសារមានអ្នកមកជួសជុល ហើយជំពាក់ទៀតនោះ បានធ្វើឱ្យចំណូលកាន់តែបាត់បង់ រហូតកើតមានបំណុលថែមទៀតផង ប៉ុន្តែដោយសារមានជំនាញតែមួយមុខក៏ចេះតែព្យាយាមតស៊ូប្រកបមុខរបរនេះជាបន្តបន្ទាប់ ដោយមានប្រពន្ធលក់ដូរភេសជ្ជៈ និងទឹកសុទ្ធបន្តិចបន្ទួចដើម្បីអាចជួយសម្រួលជីវភាពគ្រួសារ។

ដោយឡែកសម្រាប់ការត្រូវរង្វាន់ធំរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់១០០លានរៀលនេះ គឺជារឿងចៃដន្យ ហើយក៏មិននឹកស្មានថាអាចមានវាសនាកាន់លុយ១០០លានដែរ ប៉ុន្តែកាលពីសប្ដាហ៍កន្លងទៅ បន្ទាប់ពីជួសជុលម៉ូតូឱ្យគេរួចអស់កម្លាំង ក៏យកភេសជ្ជៈខារ៉ាបាវដែលប្រពន្ធជាអ្នកលក់ស្រាប់មកគាស់ផឹក ស្រាប់តែឃើញមានរង្វាន់១០០លានរៀលតែម្ដង។ គ្រាន់តែឃើញភ្លាម លោកស្ទើរតែមិនជឿភ្នែកខ្លួនឯង បានហៅប្រពន្ធ និងអ្នកនៅក្បែរឱ្យមកជួយមើល ហើយក៏ទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតែម្ដង។

ក្រោយទទួលបានប្រាក់រង្វាន់ទាំងនេះ លោកនឹងយកមួយចំនួនសងបំណុលគេ ហើយមួយចំនួនទៀតយកទៅទិញសម្ភារៈសម្រាប់បន្តអាជីពជួសជុលម៉ូតូ ហើយមួយចំណែកទៀតយកជូនឪពុក ម្តាយ ដែលលោកទាំង២ កំពុងបម្រើការងារជាអ្នកប្រមូលសំរាមនៅក្រុមហ៊ុន ស៊ិនទ្រី រាជធានីភ្នំពេញ ដែលប្រឈមនឹងបញ្ហាសុខភាព។

ជាចុងក្រោយ លោក អ៉ឹម ឌី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបានជួយកែប្រែនូវជីវភាពដែលធ្លាប់តែក្រខ្សត់ ប្រែរមកជាល្អប្រសើរនៅពេលនេះ៕