(បរទេស)៖ ក្រុមហ៊ុនផ្តល់សេវាកម្ម Streaming ដ៏ល្បី Netflix នៅថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថា ខ្លួនបានត្រៀមខ្សែភាពយន្តប្រមាណ ៣០រឿងទៀត សម្រាប់បញ្ចេញក្នុងឆ្នាំ២០២២នេះ អមជាមួយនឹងក្តីរំពឹងថា នឹងទទួលជោគជ័យខ្លាំងទូទាំងពិភពលោក ដូចរឿង «Squid Game» ដែលផ្ទុះខ្លាំងកាលពីឆ្នាំមុន។

សារព័ត៌មានកូរ៉េខាងត្បូង Yonhap បានចេញផ្សាយដោយដកស្រង់សំដីពីអ្នកតំណាងរបស់ Netflix ថា ដោយសារតែខ្សែភាពយន្តរបស់កូរ៉េបន្តមានការគាំទ្រខ្លាំង ហេតុនេះហើយ ក្នុងឆ្នាំ២០២២ ក្រុមហ៊ុន Netflix នឹងបញ្ចេញរឿងជាភាសាកូរ៉េសរុបខ្ទង់៣០បន្ថែមទៀត ដើម្បីបន្តផ្តល់ជូនទស្សនិកជន ដើម្បីជាការកំដរចំណីចក្ខុ។

កាលពីឆ្នាំមុន ក្រុមហ៊ុន Netflix បានផ្តល់ជូនភាពយន្ត និងមាតិកានានាសរុប២០ ជាភាសាកូរ៉េ ក្នុងនោះរួមទាំងរឿង «Squid Game» ដែលផ្ទុះខ្លាំង និងរឿងបែបវិទ្យាសាស្ត្រ «The Silent Sea» ផងដែរ។ តាមរយៈការចាប់ដៃគ្នាសហការរវាងក្រុមហ៊ុន Netflix និង Creator កូរ៉េ គឺបានបង្កើតនូវយុគម័យថ្មីមួយ សម្រាប់វិស័យភាពយន្តកូរ៉េ ដើម្បីជំរុញឲ្យមានការគាំទ្រកាន់តែខ្លាំង។ ក្នុងនោះ ក្រុមហ៊ុន Netflix បានវិនិយោគទឹកប្រាក់ជាង ១ទ្រីលានវ៉ុន (ប្រហែល ៨៣៩.៣លានដុល្លារអាមេរិក) នៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ ២០១៦មក។

បន្ថែមពីនេះរឿង «Squid Game» បានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយក្លាយជាភាពយន្តកូរ៉េ ជោគជ័យខ្លាំងបំផុតលើ Netflix មានចំនួនចូលមើលជាង ១.៦៥ពាន់លានដងក្នុងសប្តាហ៍ដំបូង បន្ទាប់ពីបញ្ចេញជាផ្លូវការ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

គួរជម្រាបថា សម្រាប់ឆ្នាំ២០២២នេះ ក្នុងចំណោមភាពយន្តដែល Netflix ត្រៀមបញ្ចេញទាំងអស់ គឺមានរឿងបែបភ័យរន្ធត់មួយ ដែលនឹងបញ្ចេញមុនគេ។ រឿងនោះមានចំណងជើងថា «All Of Us Are Dead» នឹងមកកំដរចំណីចក្ខុ ទស្សនិកជនទូទាំងពិភពលោក នៅថ្ងៃទី២៨ ខែមករា នេះ។ «All Of Us Are Dead» ជាភាពយន្តបែបភ័យរន្ធត់រួមជាមួយ Zoombie ដោយនិយាយពី សិស្សមួយក្រុមបានជាប់គាំងនៅក្នុងវិទ្យាល័យមួយ ហើយបានរកឃើញថា ពួកគេកំពុងស្ថិតនៅក្នុងស្ថានភាពដ៏ព្រឺព្រួច ខណៈដែលពួកគេស្វែងរកការសង្គ្រោះពីការឈ្លានពានរបស់ Zombie នៅក្នុងសាលារៀនរបស់ពួកគេ៕