(ភ្នំពេញ)៖ កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី អ៊ូមើត បានធ្វើការវះកាត់ឆ្អឹងខ្នងដោយជោគជ័យហើយ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅមន្ទីរពេទ្យមួយ នាប្រទេសថៃ ។ បន្ទាប់ពីវះកាត់រួច អ៊ូមើត ត្រូវសម្រាកព្យាបាលយ៉ាងហោច ៣ខែ ទើបអាចត្រឡប់ចូលទីលានហ្វឹកហាត់ និងប្រកួតបានវិញ ។ នេះបើតាមការបញ្ជាក់របស់សាមីខ្លួន នៅល្ងាចថ្ងៃពុធនេះ ។

ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ រូបនេះ បានឲ្យដឹងថា ការវះកាត់នេះ ចំណាយថវិកាអស់ ១៥,០០០ដុល្លារ ដោយមិនបូកបញ្ចូលថ្លៃបន្ទប់ និងសេវាកម្មផ្សេងៗ ។ ប៉ុន្ដែរាល់ការចំណាយនេះ គឺរ៉ាប់រងដោយលោក លោក Karl Heinrich Knauf ម្ចាស់ក្លិប Flamingo Jet Ski Team នៅប្រទេសថៃ ដែលខ្លួនកំពុងប្រកបអាជីពនៅទីនោះ ។

អ៊ូមើត បន្ដថា បន្ទាប់ពីវះកាត់រួច ខ្លួនមានអារម្មណ៍ធូរស្រាលច្រើន ចំពោះរបួសប្រេះឆ្អឹងខ្នង ដែលរងការប៉ះទង្គិច អំឡុងពេលហ្វឹកហាត់ មុនការប្រកួតពានរង្វាន់ពិភពលោក នៅប្រទេសថៃ កាលពីថ្មីៗ ។ យ៉ាងណាក្ដីវេជ្ជបណ្ឌិតបានតម្រូវឲ្យកីឡាករមានដើមកំណើតពីខេត្តត្បូងឃ្មុំរូបនេះ ត្រូវសម្រាកព្យាបាលរយៈពេល ៣ខែ ទើបអាចត្រឡប់ទៅធ្វើការហ្វឹកហាត់ និងប្រកួតវិញបាន ។

កីឡាករខ្មែរ-ឥស្លាមដដែល បានសម្ដែងការសប្បាយចិត្ត ដែលទទួលបានការយកចិត្តទុកដាក់ពីម្ចាស់ក្លិប ព្រោះការជួយខ្លួន ក៏ដូចជាជួយដល់វិស័យកីឡាម៉ូតូទឹកកម្ពុជាដែរ ពិសេសក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។ ដូច្នេះក្រោយជាសះស្បើយ អ៊ូមើត ប្ដេជ្ញានឹងបន្ដខិតខំហ្វឹកហាត់ និងពង្រឹងសមត្ថភាពន្ថែមទៀត ដើម្បីឆ្ពោះទៅដណ្ដើមមេដាយមាសជូនជាតិ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា ។

សូមបញ្ជាក់ថា នេះគឺជាលើកទី២ ហើយ ដែល សាលី អ៊ូមើត បានធ្វើការវះកាត់ក្នុងអាជីពកីឡាម៉ូតូទឹករបស់ខ្លួន ដោយលើកទី១ រូបគេបានវះកាត់ស្មា កាលពីឆ្នាំ២០១៨ ពោលគឺរយៈពេល ២ខែ មុនការប្រកួតកីឡាអាស៊ី Asian Games 2018 ហើយពេលនោះ ក៏ជាគ្រាដែល អ៊ូមើត បានរួមចំណែសាងកំណត់ត្រាប្រវត្តិសាស្ដ្រ និងធ្វើឲ្យប្រជាជនកម្ពុជាស្គាល់ខ្លួនកាន់តែច្បាស់ ក្រោយដណ្ដើមបានមេដាយមាសកីឡាអាស៊ី នៅប្រទេសឥណ្ឌូនេស៊ីផងដែរ ៕