(អាមេរិក)៖ ក្រុមហ៊ុន Apple និងក្រុមហ៊ុន Ericsson កំំពុងតែឈ្លោះគ្នាម្ដងទៀតជុំវិញការផ្ដល់អាជ្ញាប័ណ្ណប៉ាតង់ ដោយជម្លោះម្ដងនេះគឺ ពាក់ព័ន្ធនឹងអាជ្ញាប័ណ្ណប៉ាតង់ បច្ចេកវិទ្យា 5G។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។

ក្រុមហ៊ុនទាំងពីរនេះត្រូវបានគេដឹងថា បាននិងកំពុងតែពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងក្រៅប្រព័ន្ធតុលាការ ប៉ុន្តែ ការចារចាមិនបានសម្រេចនោះទេ ដោយក្នុងនោះ ក្រុមហ៊ុន Ericsson បានស្នើសុំតម្លៃ ៥ដុល្លារអាមេរិកសម្រាប់ការប្រើប្រាស់ប័ណ្ណប៉ាតង់ របស់ ខ្លួនជាមួយនឹងផលិតផលរបស់ Apple ក្នុងមួយគ្រឿង ($5/unit) ប៉ុន្តែការស្នើសុំនេះត្រូវបាន Apple ច្រានចោល និងនិយាយថា វាថ្លៃពេកហើយ។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Ericsson បានដាក់ពាក្យបណ្ដឹងប្រឆាំង Apple ពាក់ព័ន្ធនឹងការប្រើប្រាស់ប៉ាតង់របស់ខ្លួនដោយហួសកាលបរិច្ឆេទ និងមិនព្រមបង់ប្រាក់ ដោយបណ្ដឹងមួយនេះត្រូវបាន Ericsson ដាក់ទៅកាន់តុលាការនៃរដ្ឋតិចសាស់ និងបណ្ដាល ប្រទេស ផ្សេងៗ ទៀត ដោយក្នុងនោះក៏មានប្រទេសអាល្លឺម៉ង់មួយផងដែរ។

ក្រុមហ៊ុន Apple ត្រូវបានគេដឹងថាបានប្រើប្រាស់បច្ចេកវិទ្យា និងប៉ាតង់ 5G របស់ Ericsson ចាប់តាំងពីឆ្នាំ២០១៥ និងបានបន្តប្រើរហូតដល់ ចុងឆ្នាំ២០២១ ខណ:ដែលថ្មីៗនេះ Apple ទើបតែទទួលបានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់ប៉ាតង់ 5G របស់ក្រុមហ៊ុន Intel។

គេនៅមិនទាន់ដឹងថា ក្រុមហ៊ុន Ericsson អាចនឹងយកឈ្នះក្រុមហ៊ុន Apple លើជម្លោះមួយនេះអត់ឬទេ ប៉ុន្តែកន្លងមក ក្រុមហ៊ុន Ericsson ធ្លាប់បានយកឈ្នះ Samsung ម្ដងរួចទៅហើយពាក់ព័ន្ធនឹងជម្លោះដូចគ្នានេះ៕