(ភ្នំពេញ)៖ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) បានប្រកាសនាំយកកីឡាករជប៉ុន Takumu Nishihara មករួមក្រុមវិញហើយ ក្រោយជាសះស្បើយពីរបួស ដើម្បីពង្រឹងតំបន់ប្រយុទ្ធ នារដូវកាលថ្មី ឆ្នាំ២០២២។

ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំរូបនេះ ធ្លាប់ចុះកិច្ចសន្យាលេងឲ្យក្រុមកងយោធពលខេមរភូមិន្ទម្ដងរួចមកហើយ កាលពីដើមឆ្នាំ២០២១ តែក្រោយហ្វឹកហាត់បានជាង ១ខែ រូបគេក៏រងរបួសដាច់សរសៃពួរជង្គង់ (ACL) ដែលបង្ខំឲ្យក្លិបសម្រេចចិត្តប្រកាសចែកផ្លូវភ្លាមៗ។

ក្នុងរដូវកាលឆ្នាំ២០២១ អតីតសមាជិកក្លិបលីគកំពូលឡាវ Young Elephants រូបនេះ មិនបានលេងឲ្យក្លិបណានោះទេ បន្ទាប់ពីធ្វើការវះកាត់ជង្គង់ និងសម្រាកព្យាបាលជាច្រើនខែ រហូតដល់យប់ថ្ងៃទី១៩ ខែមករាម្សិលមិញ ទើបក្រុមកងយោធពលខេមរភូមិន្ទ ប្រកាសចុះកិច្ចសន្យាជាថ្មីជាមួយ Takumu Nishihara តែម្ដង។

មកទល់ពេលនេះ ក្រុមកងយោធពលខេមរភូមិន្ទ ទើបបន្ថែមកម្លាំងថ្មីបាន ២រូបប៉ុណ្ណោះ ក្រោយការវិលត្រឡប់របស់អ្នកចាំទី អ៊ុ វិចិត្រ បន្ទាប់ពីផ្ទេរទៅក្លិបភ្នំពេញក្រោន ១រដូវកាល ក្រោមលក្ខខណ្ឌខ្ចីជើង និងទី២ គឺកីឡាករ Takumu Nishihara។ តែបើតាមការបញ្ជាក់របស់លោកអ្នកចាត់ការក្រុមលោក ទេព ឡុងរចនា ក្លិបនឹងបន្ដនាំចូលកីឡាករបរទេសមួយចំនួនទៀត ដើម្បីត្រៀមរដូវកាលថ្មីខាងមុខ៕