(រ៉ូម)៖ កីឡាករបាល់ទាត់អាជីពប្រេស៊ីល Robinho បានបន្តចាញ់ក្តីលើកចុងក្រោយរបស់លោកទៀត ដែលត្រូវបានរកឃើញថា ជាប់ពាក់ព័ន្ធករណីរំលោភទៅលើស្រ្តីម្នាក់កាលឆ្នាំ២០១៣ កន្លងទៅ។

នៅថ្ងៃពុធម្សិលមិញនេះ តុលាការកំពូលប្រចាំទីក្រុង Rome ប្រទេសអ៉ីតាលីបានបើកសវនការពីទោសកំហុសជាប់ពន្ធធនាគាររយៈពេល ៩ឆ្នាំរបស់ Robinho មកជំនុំជម្រះជាលើកចុងក្រោយ។

សូមរំលឹកផងថា កាលពីឆ្នាំ២០១៧ Robinho រួមទាំងបក្ខពួក ៥នាក់ទៀតដែលជាជនជាតិប្រេស៊ីលដូចគ្នា ត្រូវបានរកឃើញថា បានចាប់រំលោភសេពសន្ថវៈទៅលើស្រ្តីជនជាតិអាល់បានី វ័យ ២២ឆ្នាំម្នាក់ នៅក្នុងក្លឹបកម្សាន្តមួយកន្លែង ដ្បិតទោសទណ្ឌខាងលើនេះ ក៏ត្រូវបានតុលាការអ៉ីតាលីលើកមកជំនុំជម្រះម្តងហើយដែរកាលឆ្នាំ២០២០ កន្លងទៅ ក្រោយពេល Robinho ធ្វើការប្តឹងជំទាស់ម្តងទៀត។

នៅចាំបានថា ខ្សែប្រយុទ្ធ Robinho វ័យ ៣៧ឆ្នាំ ជាអតីតកីឡាករមានតម្លៃផ្ទេរ ៣២.៥លានផោនថ្លៃជាងគេនៅអង់គ្លេស ពេលទិញពីក្លិបអេស្ប៉ាញ Real Madrid ក្នុងនាមជាកីឡាករស៊ុតបាន ២៨គ្រាប់ ក្នុងចំណោម ១០០ប្រកួតជាមួយក្រុមជម្រើសជាតិសាំបាប្រេស៊ីល៕