(ឡុងដ៏)៖ កីឡាករ Steven Bergwijn បានស៊ុតគ្រាប់ជ័យជម្នះចុងម៉ោង នៃការប្រកួតក្រៅទឹកដីរបស់ក្លិប Tottenham Hotspur ឆក់យក ៣ពិន្ទុយ៉ាងសំខាន់នៅលីគ Premier League ដែលអាចមានឱកាសឡើងទៅឈរនៅលេងរៀងទី៤ ក្នុងតារាងពិន្ទុ បន្ទាប់ពីវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះ Leicester City ៣-២ បន្ថយគម្លាតមកនៅត្រឹម ១ពិន្ទុពីក្រុមលេខ៤ West Ham United បណ្តោះអាសន្នរដូវកាលឆ្នាំ២០២១-២២ នេះ។

Leicester City រកបាន ២គ្រាប់ប៉ុណ្ណោះនាមជាម្ចាស់ផ្ទះនៃកីឡដ្ឋាន King Power ដ្បិតការព្យាយាមរកគ្រាប់បាល់ក្រៅទឹកដីរបស់ក្លិប Spurs ក៏ធ្វើបានសម្រេចដោយកីឡាករ Harry Kane និងការស៊ុតបាន ២គ្រាប់យ៉ាងអស្ចារ្យរបស់កីឡាករហូឡង់ Steven Bergwijn ដែលត្រូវបានប្តូរចូលនៅនាទី៧៩ ពោលគឺនៅនាទីបន្ថែម ៩០+៥ និង៩០+៧។

បច្ចុប្បន្នក្លិបដឹកនាំដោយលោក Antonio Conte រកបាន ៣៦ពិន្ទុឈរនៅលេខ៥ លើ Arsenal នៅពេល Leicester ដឹកនាំដោយលោក Brendan Rodgers មាន ២៥ពិន្ទុឈរនៅលេខ១០ ដ្បិតនេះជាការប៉ះគ្នាក្នុងជើងទី១ ក្រោយពន្យារពេលដោយសារ COVID-19 ដែលជើងទី២ ត្រូវលេងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ដើម្បីប្រជែងឱកាសឡើងឈរតំណែងល្អអាចលេងពានលីគអឺរ៉ុប UEFA Champions League និងពាន Europa League រដូវកាលក្រោយ ខណៈ Manchester City កំពុងរកបាន ៥៦ពិន្ទុដាច់កំពូលតារាង៕