(បារាំង)៖ តារាសម្តែងប្រុសជនជាតិបារាំង លោក Gaspard Ulliel ដែលមនុស្សភាគច្រើនស្គាល់លោក តាមរយៈការថតស្ពតពាណិជ្ជកម្មឲ្យប្រេនទឹកអប់ម៉ាក់ល្បី Chanel នោះ ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិត ក្នុងវ័យ៣៧ឆ្នាំ ដោយសារការជួបគ្រោះថ្នាក់ចៃដន្យ អំឡុងពេលជិះស្គីទឹកកកកំសាន្ត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។

តារាប្រុសរូបនេះ ត្រូវបានគេដឹងថា បានទៅជិះស្គីទឹកកកកំសាន្តនៅទីក្រុង Montvalezan ភាគខាងកើតប្រទេសបារាំង នៅថ្ងៃអង្គារ៍សប្តាហ៍នេះ។ អំឡុងពេលជិះស្គីកំសាន្ត លោកក៏បានបុកគ្នាជាមួយអ្នកលេងដទៃទៀត ដែលបណ្តាលឲ្យលោកសន្លប់ភ្លាមៗ ហើយក៏ត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យ ដោយឧទ្ធម្ភាគចក្រ។ តែយ៉ាងណា បន្ទាប់ពីទៅដល់មន្ទីរពេទ្យ ពោលគឺនៅថ្ងៃពុធនេះ លោកក៏បានបាត់បង់ជីវិតតែម្តង។

ជុំវិញដំណឹងនៃការស្លាប់របស់តារាប្រុសរូបនេះ, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បានបង្ហោះសារលើបណ្តាញសង្គម Twitter ថា «វិស័យសិល្បៈភាពយន្តរបស់បារាំង បានបាត់បង់អ្នកដែលមានទេពកោសល្យ និងពោរពេញដោយថាមពលមួយរូបហើយ»

គួរជម្រាបថា តារាសម្តែងប្រុសបារាំងលោក Gaspard Ulliel ក្រៅពីសម្តែងភាពយន្ត លោកត្រូវបានប្រេនល្បីៗជាច្រើនហៅថតស្ពតពាណិជ្ជកម្ម។ បន្ថែមពីនេះ លោកក៏ត្រូវបានគេដឹងថា ធ្លាប់ឈ្នះពាន «French Casar Award» កាលពីឆ្នាំ២០១៧ ផ្នែក «តារាសម្តែងប្រុសឆ្នើម» ផងដែរ សម្រាប់ការសម្តែងភាពយន្ត «It’s Only the End of the World»៕