(បរទេស)៖ ដោយសារតែបញ្ហាជំងឺរីករាលដាលកូវីដ១៩ និងវិបត្តិកង្វះខាតបន្ទះឈីបជាសកល បានធ្វើឱ្យសង្វាក់ផលិតកម្ម ជាច្រើនត្រូវបាន រាំងស្ទះ ជាពិសេសគឺក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងក្រុមហ៊ុនផលិតរថយន្ត ហើយដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនបច្ចេកវិទ្យា យក្សធំៗជាច្រើនបានប្រកាសបោះទុនបន្ថែមដើម្បី បង្កើតរោងចក្រផលិតបន្ទះឈីបដោយខ្លួនឯង និងខ្លះទៀតពង្រីកលទ្ធភាពនៃការផលិត ឱ្យ កាន់តែច្រើនជាងមុន។

Samsung និង TSMC ត្រូវបានគេដឹងថា ជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅអាស៊ី ដែលបានបោះទុនវិនិយោគទៅលើការការបង្កើត រោងចក្រ និង ពង្រីកលទ្ធភាពនៃការផលិតបន្ទះឈីបដើម្បីបំពេញឱ្យគ្រប់ទៅតាមតម្រូវការ។ Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង បានបង្ហាញមហិច្ឆតារបស់ខ្លួនថានឹងយកឈ្នះក្រុមហ៊ុន TSMC ដើម្បីក្លាយជាក្រុមហ៊ុនដែលមានរោងចក្រច្រើនជាងគេបំផុតនៅលើពិភពលោក នាឆ្នាំ២០៣០។

តើផែនការយក្សមួយរបស់ Samsung អាចសម្រេចទៅបានទេ? យោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយសារព័ត៌មាន DigiTimes បានឱ្យដឹងថា ក្រុមហ៊ុន Samsung និង TSMC បាននិងកំពុងតែ ប្រជែងគ្នាក្នុងការផ្គត់ផ្គង់ឧបករណ៍ពាក់កណ្ដាល សម្រេច ប៉ុន្តែបើតាមទំហំទឹកប្រាក់នៃការវិនិយោគគឺ TSMC មានព្រៀបជាង។

យោងតាមរបាយការណ៍បានបង្ហាញថា នៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុន Samsung បានពង្រីកទុនវិនិយោគរបស់ខ្លួន ចំនួន ៣២,៩ពាន់ពាន់លានវ៉ុន ខណ:ដែល TSMC មានវិនិយោគត្រឹមតែ ១៨,៤ពាន់ពាន់លានវ៉ុនប៉ុណ្ណោះ។ នៅឆ្នាំ២០២១ ក្រុមហ៊ុន Samsung បានពង្រីកបន្ថែម ៤០ពាន់ពាន់លានវ៉ុន ចំណែក TSMC ក៏បានពង្រីកបន្ថែមរហូតដល់ ៣៥,៦ពាន់ពាន់លានវ៉ុន ហើយនៅឆ្នាំ២០២២នេះ ក្រុមហ៊ុន Samsung បានពង្រីករហូតដល់ ៤៥ពាន់ពាន់លានវ៉ុន ប៉ុន្តែ TSMC បានជះលុយរហូតដល់ ៥២,២ពាន់ពាន់លានវ៉ុនដើម្បី វ៉ាឱ្យ ដាច់ Samsung តែម្ដង។

នៅក្នុងឆ្នាំ២០២២នេះ ក្រុមហ៊ុន Samsung និង TSMC មានគោលដៅដូចគ្នាគឺផលិតបន្ទះឈីបដែលមានសមត្ថភាពខ្ពស់ និងមានទំហំតូច ជាពិសេសគឺឈីបដែលមានលក្ខណ:ពិសេសដែលអាចប្រើនៅក្នុងបច្ចេកវិទ្យា 5G និង AI៕