(អាមេរិក)៖ តារាល្បី Keanu Reeves ដែលទស្សនិកជនភាគច្រើនស្គាល់ តាមរយៈការសម្តែងជាតួអង្គ John Wick នោះ ក្លាយជាតារាប្រុសម្នាក់ ក្នុងវិស័យហូលីវូដ ដែលមានទឹកចិត្តសប្បុរសធម៌បំផុត ព្រោះជានិច្ចកាល តារារូបនេះ តែងតែយកប្រាក់របស់ខ្លួន រកបានពីការថតរឿង ទៅជួយដល់មនុស្សខ្វះខាត។ ទឹកប្រាក់ដែលលោកមាន ត្រូវបានគេសន្និដ្ឋានថា ប្រមាណ ៣១៥លានដុល្លារអាមេរិក។ តែយ៉ាងណា គេដឹងថា មានកត្តាសំខាន់ៗមួយចំនួន ដែលលោកមិនទុកលុយក្នុងខ្លួនតែឯង សុខចិត្តយកជួយមនុស្សជុំវិញខ្លួន ត្បិតថាប្រាក់ទាំងនោះ លោកខិតខំរកមកដោយលំបាកក៏ដោយ។

មិត្តភក្តិជិតស្និទ្ធរបស់ Keanu Reeves បានប្រាប់សារព័ត៌មានថា តារារូបនេះមានភាពខ្មាស់អៀនក្នុងការទុកប្រាក់យ៉ាងច្រើន ដែលរកបាន។ ហេតុនេះលោកតែងតែដកប្រាក់ទាំងនោះ ទៅជួយដល់អ្នកខ្វះខាតនានា ដោយអះអាងថា តារារូបនេះ បានដឹងថាខ្លួនឯងមានសំណាង ដែលមានប្រាក់រាប់លានដុល្លារកាន់ក្នុងដៃ ដូច្នេះលោកចង់ចែករំលែកប្រាក់ទាំងនោះ ទៅដល់មនុស្សខ្វះខាត និងត្រូវការជំនួយ។

ផ្ទុយទៅវិញ មានបុគ្គលមួយចំនួនបានលើកឡើងថា តារារូបនេះធ្វើអំពើសប្បុរសធម៌បែបនេះ គឺបន្ទាប់ពីជួបរឿងលំបាក និងលោកស្តាយជាច្រើនក្នុងជីវិត ដូចជា៖

* Keanu Reeves បានធំធាត់ឡើងដោយគ្មានវត្តមានឪពុក ព្រោះឪពុករបស់លោកបានជាប់ពន្ធនាគារ ជុំវិញបទល្មើសគ្រឿងញៀន។ ក្រោយមក លោកបានបាត់បង់មិត្តជិតស្និទ្ធម្នាក់ឈ្មោះថា River Phoenix ដែលស្លាប់កាលពីឆ្នាំ១៩៩៣ ដោយសារប្រើគ្រឿងញៀនលើសកំរិត។

* ឆ្នាំ១៩៩៩ Reeves និងមិត្តស្រីរបស់លោកឈ្មោះ Jennifer Syme បានបាត់បង់កូនស្រីម្នាក់ឈ្មោះ Ava ដែលជាដំណក់ឈាមរួមគ្នា។ ក្រោយមកពួកគេបានចែកផ្លូវគ្នា និងត្រូវរ៉ូវគ្នាវិញក្នុងឆ្នាំ២០០១។ តែយ៉ាងណា មិត្តស្រីរបស់លោក ស្រាប់តែមានជំងឺបាក់ទឹកចិត្ត និងបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ។

* ក្នុងឆ្នាំ១៩៩១ ប្អូនស្រីរបស់ Reeves ឈ្មោះ Kim ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកគ្រាប់ឈាម។ កត្តានេះ ធ្វើឲ្យលោកបរិច្ចាគប្រាក់រាប់លានដុល្លារ ទៅដល់មជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីក។ នៅដើមឆ្នាំ ២០២២នេះ លោកបានប្រកាសផ្តល់ប្រាក់ ៧០ភាគរយដែលទទួលបានពីការថតរឿង «The Matrix» ដល់ស្ថាប័នមួយឈ្មោះថា «Leukaemia Research» ដែលធ្វើកិច្ចការងារលើការស្រាវជ្រាវជំងឺផ្សេងៗ ជាពិសេសពាក់ព័ន្ធនឹងជំងឺមហារីក។

កត្តាទាំងនេះ បានធ្វើឲ្យប្អូនស្រីរបស់ Keanu Reeves រៀបរាប់សរសើរលោកមិនដាច់ពីមាត់ ដោយកាលពីឆ្នាំ២០១០ នាងបានសរសើរបងប្រុសរបស់ខ្លួនថា «ជាព្រះអង្គម្ចាស់» នៃមនុស្សគ្រប់រូបទៀតផង៕