(ភ្នំពេញ)៖ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានបង្ហាញកីឡាករបរទេសចំណូលថ្មី ១រូបទៀតហើយ គឺខ្សែប្រយុទ្ធសញ្ជាតិអៀកឡង់ Jozsef Keaveny អតីតយុវជនថ្នាលក្លិប Leicester City ដើម្បីពង្រឹងក្រុមត្រៀមរដូវកាលថ្មី ឆ្នាំ២០២២ ខាងមុខ ។

កីឡាករវ័យ ២២ឆ្នាំរូបនេះ បានបញ្ជាក់ថា ការសម្រេចចិត្តមកប្រកបអាជីពនៅកម្ពុជានេះ ផ្ដើមចេញពីទំនាក់ទំនងជាមួយគ្រូបង្វឹកលោក Alistair Heath ដែលជាអតីតគ្រូបង្វឹកក្រុមយុវជនថ្នាលក្លិប Leicester City ។ ហើយគេក៏សប្បាយចិត្ត និងទន្ទឹងរង់ចាំការប្រកួត ចំពោះមុខក្រុមអ្នកគាំទ្រ Tiger Army ផងដែរ ។

អតីតសមាជិកក្រុមជម្រើសជាតិ U17 អៀកឡង់ខាងលើ បានរំឮកថា ខ្លួនបានចុះកុងត្រាលេងជាមួយក្រុមយុវជន Leicester City តាំងពីអាយុ ១០ឆ្នាំ ហើយបានចំណាយពេល ៩ឆ្នាំនៅទីនោះ ។ អំឡុងឆ្នាំ២០១៥ រូបគេក៏បានហ្វឹកហាត់ជាមួយក្រុមធំ អំឡុងពេលក្រុម Leicester City ឈ្នះ Premiere League និងឈ្នះ Tournament នៅប្រទេសបារាំង។

Jozsef Keaveny បន្ដថា «វាជាបទពិសោធន៍ដ៏ល្អ ខ្ញុំរៀនសូត្របានច្រើនពីក្លិប ។ ក្រោយចាកចេញពី Leicester ខ្ញុំបានទៅលេងនៅប្រទេស Cyprus ខ្ញុំលេងនៅ AEK Larnaca FC នៃលីគកំពូល Cyprus ខ្ញុំមានឱកាសលេងក្នុងវគ្គជម្រុះ Europa League រដូវកាលនោះ បានប៉ះពាល់ដោយកូវីដ-១៩ ។ ខ្ញុំក៏បានមានពេលវេលាខ្លីមួយនៅ Derry City ប្រទេសអៀកឡង តែគ្រប់យ៉ាងមិនបានល្អប្រសើរនោះទេ នៅទីនោះដោយសាររបួស ហើយឥលូវខ្ញុំបានមកកាន់ទីនេះ ។ ចំណែកឆ្នាំមុន ខ្ញុំលេងនៅប្រទេសកំណើតពេញមួយឆ្នាំ» ។

សូមបញ្ជាក់ថា Jozsef Keaveny គឺជាកីឡាករបរទេសចំណូលថ្មីទី២ ដែលអង្គរថាយហ្គឺរ បាននាំចូលត្រៀមរដូវកាលថ្មី បន្ទាប់ពីកីឡាករជប៉ុន Soh Narita បន្ថែមលើកីឡាករបរទេសចាស់ ១រូប ដែលក្លិបបានបន្ដកុងត្រា គឺខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Iago Bento ។ បច្ចុប្បន្នក្លិបទើបមានកីឡាករបរទេស ៣រូបក្នុងដៃប៉ុណ្ណោះ៕