(ភ្នំពេញ)៖ ត្រីទីឡាព្យាជាត្រីមួយប្រភេទ ដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។ ប្រជាជនជប៉ុន បានចាត់ទុកត្រីទីឡាព្យា ជាប្រភេទត្រីដ៏មានតម្លៃ ដោយសារតែ សាច់ត្រីរសជាតិឈ្ងុយឆ្ងាញ់ ប្រសិនបើមានការចិញ្ចឹម និងយកចិត្តទុកដាក់ខ្ពស់ ទៅលើគុណភាពត្រីនោះ ត្រីទីឡាព្យាដែលមានគុណភាពពិត ជាអាចហូបដោយមិនបាច់ចំអិនទៀតផង។

ក្រុមហ៊ុនជប៉ុនមួយ ដែលមានឈ្មោះថា ហ្វីសបាយអូទិកខូអិលធីឌី (Fish Boitec Co., Ltd) ក្រោមការគ្រប់គ្រងរបស់លោក Migita Takanobu ដែលមានមូលដ្ឋាន នៅប្រទេសជប៉ុន បានសហការជាមួយក្រុមហ៊ុន រែនបូប្រូហ្គ្រែសអ៊ិនធឺប្រាយ ខូអិលធីឌី (Rainbow Progress Enterprise) ដែលស្ថិតនៅក្រោមគម្រោង ខេមបូឌាហ្វីសហ្វាម (Cambodia Fresh Farm) ដឹកនាំដោយលោក ចាវ សួស្តី ដែលជានាយកប្រតិបត្តិ ដោយមានការសម្របសម្រួលដោយ ក្រុមហ៊ុនជេតត្រូ (JETRO)។

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនរែនបូប្រូហ្គ្រែសអ៊ិនធឺប្រាយ ខូអិលធីឌី បានជួបពិភាក្សាពីការរៀបចំ គម្រោងក្នុងការចិញ្ចឹមត្រីទីឡាព្យា ដែលមានគុណភាពជប៉ុននៅកម្ពុជា ជាមួយនិងក្រុមហ៊ុន ហ្វីសបាយអូទិកខូអិលធីឌី (Fish Boitec Co., Ltd) នៅក្នុងសាលប្រជុំរបស់ក្រុមហ៊ុនជេតត្រូ (JETRO) តាមរយៈប្រព័ន្ធអនឡាយ (Zoom Meeting)។

កិច្ចប្រជុំនេះ មានលទ្ធផលល្អគួរឲ្យកត់សម្គាល់ ក្រោមការគ្រប់គ្រងដោយបច្ចេកវិទ្យាទំនើប របស់ក្រុមហ៊ុនហ្វីសបាយអូទិកខូអិលធីឌី (Fish Boitec Co., Ltd) យើងជឿជាក់ថា ទិន្នផល និងគុណភាពត្រី ពិតជាមានភាពល្អប្រសើរច្រើន ជាងការចិញ្ចឹមត្រីតាមបែបបុរាណរបស់ប្រជាកសិករខ្មែរយើង។

ក្រុមហ៊ុនសង្ឃឹមថា នៅក្នុងឆ្នាំ២០២៣ ក្រុមហ៊ុននឹងមានលទ្ធភាពក្នុងការនាំចេញត្រីទីឡាព្យា ទៅក្នុងទីផ្សារអន្តរជាតិ។ ចំពោះត្រីដែលមានគុណភាពល្អ ក្នុងការលូតលាស់១ឆ្នាំ អាចមានទំងន់ធ្ងន់ជាង ៨០០ក្រាម មានប្រវែងវែងជាង ៤០សងទីម៉ែត្រ។ ចំពោះត្រីដែលមានគុណភាពល្អ និងត្រូវបានធ្វើការនាំចេញជាសាច់ត្រី ចំណែកឯត្រីដែលមិនមានគុណភាពល្អ នឹងត្រូវបានបម្លែងទៅជាម្ស៉ៅចំណីត្រីវិញ។

ដូចនេះ ក្រុមហ៊ុន និងធានាត្រី ដែលបានធ្វើការលក់ចេញសុទ្ធសឹងតែជាត្រីដែលមានគុណភាពខ្ពស់។ ក្រោមកិច្ចពិភាក្សានេះ យើងសង្កេតឃើញថា វាជាកត្តាល្អក្នុងការបង្កើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាការជំរុញបច្ចេកវិទ្យាជលផល នៅក្នុងប្រទេសកម្ពុជាផងដែរ៕