(ភ្នំពេញ)៖ ធនាគារប្រៃសណីយ៍កម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដើម្បីផ្តល់ជូនអតិថិជននូវភាពងាយស្រួលក្នុងការប្រើប្រាស់ប័ណ្ណ ATM និងប័ណ្ណវីសាឥណពន្ធរបស់ខ្លួន ក្នុងការដកប្រាក់តាមរយៈម៉ាស៊ីន ATM របស់ស្ថាប័នទាំងពីរ នៅ២៥ខេត្តក្រុង ដោយឥតគិតថ្លៃសេវា។

បច្ចុប្បន្ននេះធនាគារប្រៃសណីយ៍កម្ពុជា មានបណ្តាញម៉ាស៊ីន ATM សរុប ៨៩ទីតាំងនៅទូទាំងប្រទេស ចំណែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានបណ្តាញម៉ាស៊ីន ATM សរុប ៧០ទីតាំងទូទាំងប្រទេស។ អតិថិជនទាំងអស់របស់ធនាគារ ប្រៃសណីយ៍កម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អាចដកប្រាក់ពីម៉ាស៊ីន ATM សរុប ១៥៩ទីតាំងទូទាំងប្រទេសដោយឥតគិតថ្លៃសេវា។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារប្រៃសណីយ៍កម្ពុជា បានឱ្យដឹងថា លោកពិតជាមានសេចក្តីសោមនស្សជាខ្លាំង ដែលបានក្លាយជា ដៃគូសហការ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ហើយកិច្ចសហប្រតិបត្តិការមួយនេះគឺជាយុទ្ធសាស្រ្តរបស់ស្ថាប័នទាំងពីរ ដែលធ្វើឡើងក្នុងគោលដៅរួម គឺដើម្បីពង្រឹង និងពង្រីកសេវាកម្មរបស់ខ្លួនឱ្យកាន់តែរហ័ស ងាយស្រួល និងខិតជិតអតិថិជន។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានឱ្យដឹងដែរថា គោលបំណងសំខាន់នៃកិច្ចសហការនេះ គឺផ្តោតសំខាន់លើអតិថិជន ជាចម្បង ដើម្បីធ្វើប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុ តាមរយៈការដកប្រាក់នៅតាមម៉ាស៊ីន ATM របស់ស្ថាប័នទាំងពីរបានយ៉ាងងាយស្រួល មានប្រសិទ្ធិភាព និងចំណេញ ពេលវេលា។ អេ អឹម ខេ នឹងនៅតែបន្តពង្រីក និងពង្រឹងសក្តានុពលការគ្រងគ្រងហិរញ្ញវត្ថុឲ្យបានកាន់តែទូលំទូលាយ និងបំពេញតម្រូវការអតិថិជនតាមរយៈការ ចាប់ដៃគូសហការជាមួយស្ថាប័នដែលមានគុណភាព ដូចជាធនាគារប្រៃសណីយ៍កម្ពុជាជាដើម។

បើទោះបីជាស្ថិតនៅក្នុងកាលៈទេសៈគំរាមកំហែងពីជំងឺកូវីដ-១៩ យ៉ាងណាក្តី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរ តាមរយៈការ បង្កើតឲ្យមានផលិតផល និងសេវាកម្មថ្មីៗដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ស្របតាមសម័យកាលឌីជីថល ដូចជាសេវាបើកគណនីធនាគារដោយខ្លួនឯង សេវាធនាគារចល័ត AMK Mobile កម្ចីឌីជីថល ឬកម្ចីអនឡាញ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត ដែលកំពុងបម្រើដល់តម្រូវការរបស់អ្នកប្រើប្រាស់ទូទាំងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ធនាគារប្រៃសណីយ៍កម្ពុជា ក.អ (CPBank) ជាធនាគារពាណិជ្ជដ៏ធំមួយក្នុងចំណោមធនាគារពាណិជ្ជល្បីៗឈានមុខគេនៅប្រទសកម្ពុជា ដែលត្រូវបាន បង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាងកាណាឌីយ៉ា អ៊ីនវែសមិនហូលឌីង ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុន ហ្វាយ ណាន់ស៊ល្យហូលឌីង។

ធនាគារមានសន្ទុះនៃការអភិវឌ្ឍ និងរីកចម្រើនយ៉ាងខ្លំាង ដែលគិតត្រឹមរយៈពេលជាង ៧ឆ្នំានេះ សម្រេចបាននូវទំហំទ្រព្យសកម្មសរុបជាង ១ពាន់លានដុល្លារអាមេរិក ជាមួយនឹងបណ្តាញប្រតិបត្តិការសាខាចំនួន ៦០សាខាទូទាំងប្រទេស និងបណ្តាញម៉ាស៊ីនATM ៨៩ទីតាំង។ ធនាគារប្រៃសណីយ៍កម្ពុជាក៏ជាធនាគារឆ្នើមមួយនៅ ប្រទេសកម្ពុជាដែលទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រសរសើរពីស្ថាប័នជាតិ និងអន្តរជាតិជាច្រើនផងដែរ។

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការនិងចំនួនអតិថិជន។ មានការិយាល័យប្រតិបត្តិការចំនួន ១៥១កន្លែង និងភ្នាក់ងារជាង ៧,០០០កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជនដូចជា៖ សេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេសគឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរសព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត៕