(តូក្យូ)៖ ក្រុមហ៊ុន Samsung Electronics បានវ៉ាដាច់ ក្រុមហ៊ុន Intel ដែលក្លាយជាក្រុមហ៊ុនផលិតបន្ទះឈីបនាំមុខគេដោយប្រាក់ចំណូលកាលពីឆ្នាំ២០២១ នេះបើយោងតាមទិន្នន័យឧស្សាហកម្មដែលបានចេញផ្សាយកាលពីថ្ងៃពុធកន្លងទៅ។

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Samsung បានកើនឡើងដល់ ៣១.៦ ភាគរយក្នុងឆ្នាំ ២០២១ គិតជាសាច់ប្រាក់មានចំនួន ៧៥.៩ ពាន់លានដុល្លារអាមេរិក ដែលបានចំណាត់ថ្នាក់ដោយក្រុមហ៊ុនស្រាវជ្រាវ Gartner របស់សហរដ្ឋអាមេរិក។

យោងតាមក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សាបច្ចេកវិទ្យា Gartner បានឱ្យដឹងថាទីផ្សារបន្ទះឈីបទាំងមូលបានកើនឡើង ២៥.១ភាគរយកាលពីឆ្នាំមុនដែលមានទំហំទឹកប្រាក់ដល់ទៅ ៥៨៣.៥ ពាន់លានដុល្លារអាមេរិក ដែលវាការលក់បានកើនឡើងដល់ពាក់កណ្តាលពាន់ពាន់លានដុល្លារអាមេរិកជាលើកដំបូង។

ប្រាក់ចំណូលរបស់ក្រុមហ៊ុន Intel ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក បានធ្លាក់មកចំណាត់ថ្នាក់លេខ ២ និងបា កើនឡើងត្រឹមតែ ០.៥ភាគរយដែលមានទំហំទឹកប្រាក់ ៧៣.១ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ ហើយលទ្ធផលនៃការលក់ដោយក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិកបានកើនឡើងយឺតបំផុតក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ២៥ ចំពេលមានការប្រកួតប្រជែងដ៏ស្វិតស្វាញនៅក្នុងទំហំ CPU ម៉ាស៊ីនមេ ដែលជាកម្លាំងរបស់ Intel ។

ជាក់ស្តែងដូចជាក្រុមហ៊ុនផលិតបន្ទះឈីប AMD របស់សហរដ្ឋអាមេរិក ទទួលបានចំណាត់ថ្នាក់ទី១០ ដោយពីមុនស្ថិតនៅថ្នាក់ទី១៤ ដែលនេះជាលទ្ធផលធ្វើឱ្យចំណែកទីផ្សាររបស់ពួកគេមានភាពប្រសើឡើង។ហើយចំណែកក្រុមហ៊ុន Qualcomm របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន MediaTek របស់តៃវ៉ាន់ ជាក្រុមហ៊ុនផលិតបន្ទះឈីបសម្រាប់ឧស្សាហកម្មទូរគមនាគមន៍ជាប់ចំណាត់ថ្នាក់ទី៥ និងទី៧រៀងគ្នា។

គួរជម្រាបផងដែរថា នៅពាក់កណ្តាលនៃជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និង ចិនទាក់ទងទៅនឹងអាជីវកម្មផលិតបន្ទះឈីបរបស់ក្រុមហ៊ុន Huawei បានធ្លាក់ចុះយ៉ាងខ្លាំង។ រីឯប្រាក់ចំណូលរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ HiSilicon Technologies ក៏បានធ្លាក់ចុះប្រហែល ១ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០២១ បើធៀបទៅនឹងទឹកប្រាក់ ៨.២ពាន់លានអាមេរិកដុល្លាកាលពីឆ្នាំ២០២០៕