(ភ្នំពេញ)៖ ក្លិបបាល់ទាត់ វិសាខា បានបន្ថែមខ្សែប្រយុទ្ធបរទេសថ្មីម្នាក់ទៀតហើយ គឺកីឡាករសញ្ជាតិអូស្ដ្រាលី Athiu Kenjok Wal (Kenny Athiu) ដែលផ្ទេរមកពីក្លិប Sri Pahang នៃក្របខណ្ឌលីគកំពូលម៉ាឡេស៊ី ។ អ្វីដែលពិសេស កីឡាករកម្ពស់ ២.០១ម៉ែត្ររូបនេះ ក៏ជាអតីតមិត្តរួមក្រុមអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda កាលប្រកបអាជីពនៅក្លិប Melbourne Victory FC ចន្លោះឆ្នាំ២០១៨ និងឆ្នាំ២០១៩ ផងដែរ ។

វត្តមានរបស់ខ្សែប្រយុទ្ធមានបទពិសោធន៍ជោគជ័យនៅក្របខណ្ឌ A-League នេះ បានធ្វើឲ្យវិសាខា ក្លាយជាក្លិបដំបូងគេ ដែលបានបង្គ្រប់កូតាកីឡាករបរទេស ៥រូប ដើម្បីត្រៀមរដូវកាលថ្មី ឆ្នាំ២០២២ បន្ថែមលើខ្សែការពារអាហ្វ្រិកខាងត្បូង Mohammed Khan Faezz និងខ្សែប្រយុទ្ធកូរ៉េខាងត្បូង Lee Jae Gun ដែលត្រូវបានក្លិបបន្ដកុងត្រា រួមជាមួយកីឡាករប្រេស៊ីល ២រូប ដែលក្លិបបាននាំចូលកាលពីថ្មីៗ គឺខ្សែបម្រើ Marcos Vinicius និងខ្សែប្រយុទ្ធ Junior Barros ។

គួរដឹងថា Kenny Athiu បានចំណាយពេលជាង ១០ឆ្នាំ ប្រកបអាជីពបាល់ទាត់នៅអូស្ដ្រាលី ជាមួយក្លិបជាច្រើន ពិសេសពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ គេបានលេងឲ្យក្លិប Melbourne Victory FC ព្រមទាំងបានពួតដៃជាមួយលោក Keisuke Honda ជួយក្រុម នៅចន្លោះខែសីហា ឆ្នាំ២០១៨ ដល់ខែឧសភា ឆ្នាំ២០១៩ មុនអ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជារូបនេះ ចាកចេញទៀតផង ។ រីឯឆ្នាំ២០២១ កីឡាករដ៏ខ្ពស់រូបនេះ បានលេងឲ្យក្លិប Sri Pahang ១រដូវកាលពេញ មុនផ្ទេរមកកាន់វិសាខាពេលនេះ ៕