(បាសេឡូណា)៖ ខ្សែបម្រើស្លាបរបស់ក្លិប FC Barcelona កីឡាករ Ousmane Dembele ត្រូវបានគេមើលឃើញថា បានលេងក្នុងការប្រកួតចុងក្រោយរបស់លោកសម្រាប់ក្លិបហើយ បន្ទាប់ពីលោកត្រូវបានដកចេញពីក្រុមរបស់ពួកគេ សម្រាប់ការប្រកួតពានរង្វាន់ Copa del Rey ដែលប្រកួតចាញ់ក្រុម Athletic Club Bilbao ៣-២ ក្នុងម៉ោងថែមនៅថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសារព័ត៌មានស៊ិនហួចេញផ្សាយនាថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។

ក្លិបបានប្រកាសថា ពួកគេនឹងស្វែងរកការលក់កីឡាកររូបនេះ មុនពេលរដូវកាលផ្ទេរកីឡាករត្រូវបិទនៅចុងខែមករានេះ។

ការលើកឡើងប្រាប់ BarcaTV នាយកផ្នែកបាល់ទាត់ Mateu Alemany បានពន្យល់ថា ការបរាជ័យក្នុងការឈានដល់សម្រេចកិច្ចព្រៀមព្រៀង លើកិច្ចសន្យាថ្មីរបស់កីឡាកររូបនេះបានធ្វើឲ្យក្លិបធ្វើការផ្លាស់ប្តូរ ដើម្បីបញ្ជៀសរូបគាត់ពីការចាកចេញដោយគ្មានក្លិបលេងនៅចុងខែមិថុនាខាងមុខ។

«វាបានបញ្ជាក់ច្បាស់ដល់ពួកយើងថា កីឡាករមិនចង់បន្តរួមរស់ជាមួយ Barcelona ទៀតនោះទេ ហើយមិនមានការប្តេជ្ញាចិត្ត ចំពោះគម្រោងនាពេលអនាគត របស់ក្លិប Barca ឡើយ។ ដូច្នេះនៅក្នុងស្ថានភាពនេះ យើងបានប្រាប់គាត់ និងភ្នាក់ងាររបស់គាត់ ថាគាត់ត្រូវតែចាកចេញឲ្យបានលឿន ដោយសារយើងចង់បានកីឡាករដែលមានការប្តេជ្ញាចិត្ត ហើយយើងសង្ឃឹមថា ការផ្ទេរមួយនឹងកើតឡើងនៅមុនថ្ងៃទី៣១ ខែមករា»។ នេះបើតាមសម្តីលោក Alemany បានលើកឡើង។

គួររំលឹកថា ខ្សែបម្រើស្លាបវ័យ ២៤ឆ្នាំ Dembele បានចូលរួមជាមួយ Barca ផ្ទេរមកពីក្លិប Borussia Dortmund ក្នុងតម្លៃជាង ១០០លានអឺរ៉ូកាលពីរដូវក្តៅ ឆ្នាំ២០១៧។ បើទោះបីជាកីឡាកររូបនេះ មានទេពកោសល្យក៏ដោយ ប៉ុន្តែដោយសារការរងរបួសជាបន្តបន្ទាប់ បានកំណត់ឲ្យរូបលោក បង្ហាញខ្លួនក្នុងក្រុមជម្រើសដំបូងតែ ១២៩លើកប៉ុណ្ណោះចាប់តាំងពីចូលរួមជាមួយនឹងការស៊ុតចូលទី ៣១គ្រាប់៕