(រ៉ូម)៖ ការប្រកួតលីគ Serie A រវាងក្រុមការពារតំណែងជើងឯក Inter Milan និងក្លិប Venezia នៅថ្ងៃសៅរ៍សប្តាហ៍នេះ កំពុងស្ថិតក្នុងហានិភ័យ នៃការពន្យារពេល បន្ទាប់ពីក្លិប Venezia បានរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ១០ករណីថ្មីបន្ថែមទៀតនាថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។

Venezia បានឲ្យដឹងថា មនុស្ស ១០នាក់បន្ថែមទៀតត្រូវបានរកឃើញវិជ្ជមាន នាំឲ្យចំនួនករណីវិជ្ជមានសរុបនៅឯក្លិបមួយនេះកើនដល់ ១៤ករណី ប៉ុន្តែពួកគេមិនបានបញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់ជាកីឡាករនោះទេ។

«អាជ្ញាធរសុខភាព ត្រូវបានគេជូនដំណឹង ហើយអ្នកដែលវិជ្ជមានទាំងនោះត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក» នេះបើតាមក្លិបបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍។

យោងតាមពិធីសារកីឡាថ្មី ដែលមានការព្រមព្រៀងក្នុងសប្តាហ៍នេះបានបញ្ជាក់ថា ការប្រកួតក្នុងលីគ Serie A នឹងត្រូវពន្យារពេល នៅពេលដែលយ៉ាងហោចណាស់ ៣៥ភាគរយនៃក្រុមចំនួន ២៥នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ពោលគឺស្មើនឹងកីឡាករ ៩នាក់។

គួររំលឹកថា ការប្រកួតចំនួន ៥ហើយដែលមិនអាចធ្វើទៅបានតាមការគ្រោងទុកក្នុងរដូវកាលនេះ ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩។ ក្នុងនោះរួមទាំងដំណើររបស់ក្រុម Inter ទៅជួបក្រុម Bologna កាលពីថ្ងៃទី០៧ ខែមករាផងដែរ។

សូមជម្រាបដែរថា ក្លិប Inter Milan កំពុងឈរនៅកំពូលតារាងលីគ Serie A ដោយមាន ២ពិន្ទុដាច់ពីក្រុមលំដាប់ទី២ AC Milan ដោយមាន ១ប្រកួត នៅក្នុងដៃផងដែរ។ ស្របពេលក្រុម Venezia កំពុងស្ថិតនៅលំដាប់ទី១៧ ក្នុងតារាង មាន ២ពិន្ទុប៉ុណ្ណោះលើតំបន់ដែលត្រូវកាត់ចេញពីលីគ៕