(បរទេស)៖ តុលាការកំពូលប្រេស៊ីល និងអាជ្ញាធរទទួលបន្ទុកការបោះឆ្នោតកំពុងពិភាក្សាគ្នាទៅលើការហាមឃាត់កម្មវិធី Telegram នៅក្នុងអំឡុង ពេល បោះឆ្នោតរហូតដល់ខែតុលា ព្រោះថាកម្មវិធីផ្ញើសារមួយនេះមិនបានចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។

Telegram បច្ចុប្បន្នត្រូវបានគេទទួលស្គាល់ថាជាកម្មវិធីផ្ញើសារដ៏ពេញនិយមបំផុត និងធំលំដាប់ទី២នៅក្នុងប្រទេសប្រេស៊ីល និងមានការិយាល័យកណ្ដាលនៅក្នុងទីក្រុងឌូបៃ ដោយកាលពីប៉ុន្មានថ្ងៃមុននេះបានគាំងស្ទើរតែពេញពិភពលោកអស់រយ:ពេលយូរគួរសមទៅតាមតំបន់នីមួយៗ។

កាលពីពាក់កណ្ដាលខែធ្នូកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់របស់តុលាការកំពូលប្រេស៊ីលបានជួបពិភាក្សាជាមួយនឹង លោក Pavel Durov សហស្ថាបនិក និងជានាយកប្រតិបត្តិ Telegram លើវិធីសាស្ត្រប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃព័ត៌មានមិនពិត ប៉ុន្តែការពិភាក្សា នោះ ហាក់ដូចជាគ្មានលទ្ធផល និងមិនបានបង្ហាញលម្អិត។

តំណាងមន្ត្រីជាន់ខ្ពស់របស់តុលាការកំពូលប្រេស៊ីលបានបញ្ជាក់ថា គ្មាននរណាម្នាក់មិនគោរពតាមច្បាប់របស់ប្រេស៊ីលនោះទេ ជាពិសេសគឺ ក្រុមហ៊ុនបរទេសដែលមានសេវាកម្មនៅក្នុងប្រទេសប្រេស៊ីល។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ រដ្ឋាភិបាលនៃប្រទេសប្រេស៊ីល បានអំពាវនាវឱ្យ WhatsApp, Facebook និង Instagram លុប ព័ត៌មាន មិនពិតជាច្រើនចេញពីមាតិការបស់ពួកគេ៕