(ក្រុងឡុងដ៍)៖ កីឡាករអន្តរជាតិព័រទុយហ្គាល់ Diogo Jota បំប៉ោងសំណាញ់ទីបាន ២គ្រាប់ដើម្បីជួយ Liverpool យកឈ្នះ Arsenal ២-០ ឡើងទៅប៉ះតោខៀវ Chelsea នៃវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន League Cup នាចុងខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ។

Jota រកបាន ១៤គ្រាប់ហើយគ្រប់កម្មវិធីប្រកួតឲ្យហង្សក្រហម Liverpool នារដូវកាលនេះ។

អតីតកីឡាករក្លិប Wolves ដែលត្រូវបានលោក Klopp ទិញមកចូលរួមនៅ Anfield នោះរកបាន ២គ្រាប់ម្នាក់ឯងពីការបញ្ជូនរបស់ Alexander-Arnold ទាំង ២គ្រាប់ផងដែរក្នុងកីឡដ្ឋាន Emirates សម្រាប់ជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពេលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ កាលពីជើងទី១ ក្នុងទឹកដីរបស់ខ្លួនរួចមក។

គូប្រជែង Chelsea ក៏បានទម្លាក់ Tottenham Hotspur របស់លោក Antonio Conte ក្នុងលទ្ធផល ៣-០ ផងដែរទាំង ២ជើង។

ជំនួបរវាង Chelsea និង Liverpool ធ្វើឡើងនៅរាត្រីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅទឹកដីកណ្តាលនៃកីឡដ្ឋាន Wembley ប្រកួតផ្តាច់ព្រ័ត្រ ១ជើងប៉ុណ្ណោះ ដ្បិតពាន League Cup នេះបានធ្លាក់ទៅលើកណ្តាប់ដៃរបស់ Manchester City កាលពីរដូវកាលមុន នៅពេលយកឈ្នះ Spurs៕