(ភ្នំពេញ)៖ បើកឆាកខែដំបូងក្នុងឆ្នាំ២០២២ ធនាគារ ជីប ម៉ុង ទើបតែបានបន្ថែមដើមទុនចំនួន១០លានដុល្លារអាមេរិក ដែលធ្វើឱ្យដើមទុនចុះបញ្ជីនៅធនាគារជាតិ នៃកម្ពុជា កើនឡើងរហូតដល់ ១១៥លានដុល្លារអាមេរិក ក្នុងប្រតិបត្តិការរយៈពេល៣ឆ្នាំរបស់ខ្លួន។ ការបន្ថែមដើមទុននេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការក៏ដូចជាទំនុកចិត្តរបស់អតិថិជន ដើម្បីបន្តពង្រីកប្រតិបត្តិការធនាគារបន្ថែមទៀត និងគោរព១០០ភាគរយតាមបទដ្ឋានគតិយុត្តិរបស់ធនាគារជាតិនៃកម្ពុជា។

លោក ចន ប៊ែន អគ្គនាយកធនាគារ ជីប ម៉ុង បានបញ្ជាក់ថា៖ «កាលពីខែសីហា ឆ្នាំ២០២១កន្លងទៅនេះ យើងបានបន្ថែមដើមទុនចុះបញ្ជីចំនួន៣០លានដុល្លារអាមេរិក ធ្វើអោយដើមទុនសរុបធនាគារមានចំនួន១០៥លានដុល្លារអាមេរិក។ ឥឡូវនេះ យើងបន្តបន្ថែមដើមទុន១០លានដុល្លារអាមេរិកទៀត សរុបដើមទុនមានចំនួន១១៥លានដុល្លារអាមេរិក។ បើទោះបីជាយើងស្ថិតក្នុងវិស័យ ធនាគាររយៈពេលខ្លីក៏ពិតមែន ប៉ុន្តែធនាគារយើង មានភាពចាស់ទុំ និងរឹងមាំក្នុងការបម្រើអតិថិជន ទាំងដៃគូពាណិជ្ជកម្ម ទាំងអាជីវកម្មខ្នាតតូចនិងមធ្យម និងរូបវន្តបុគ្គល។ ធនាគារយើងមានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ក្នុងការកា្លយខ្លួនជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា តាមរយៈផលិតផល និងការបម្រើសេវាកម្មល្អឥតខ្ចោះជូនអតិថិជន»

លោកបានបន្តថា ថ្នាក់ដឹកនាំ និងសហការីរបស់ធនាគារ ជីប ម៉ុង តែងតែរិះរកផលិតផលនិងសេវាកម្មហិរញ្ញវត្ថុថ្មីៗ ដែលផ្តល់អត្ថប្រយោជន៏ច្រើនជូនអតិថិជន ដើម្បីធ្វើឱ្យអតិថិជនកាន់តែពេញចិត្តជាមួយធនាគារយើងខ្ញុំ។ ជាក់ស្តែងក្នុងកម្មវិធីប្រាក់បញ្ញើមានកាលកំណត់VIP ដែលយើងផ្តល់អត្ថប្រយោជន៏បន្ថែមជាច្រើនជូនអតិថិជនដូចជា៖ ការវាយកូនគោល ការជិះឧទ្ធម្ភាគចក្រ ការស្នាក់នៅសណ្ឋារផ្កាយ៥ កាដូទូរស័ព្ទដៃiPhone13 Pro max និងរង្វាន់ជាច្រើនទៀត។ ចំណុចទាំងអស់នេះហើយ ជាមូលហេតុអាទិភាព ក្នុងការបំពេញចិត្តអតិថិជិនរបស់ធនាគារ ជីប ម៉ុង សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកគេ។

គួរជម្រាបផងដែរថា ក្នុងប្រតិបត្តិការ៣ឆ្នាំមកនេះ ធនាគារ ជីប ម៉ុង មានទ្រព្យសកម្មសរុបជាង ៨០០ លានដុល្លារអាមេរិក ដែលក្នុងនោះឥណទានសរុបកើនឡើងជាង ៥០០ លានដុល្លារអាមេរិក និងទទួលបានប្រាក់បញ្ញើពីអតិថិជនជាង ៧០០ លានដុល្លារអាមេរិក។ បច្ចុប្បន្នមានសាខាប្រតិបត្តិការសរុបចំនួន១២ ក្នុងនោះ៩សាខានៅភ្នំពេញ និង៣សាខាទៀតនៅខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប។

ធនាគារនេះមានម៉ាស៉ីនATM សរុបចំនួន៣២ ដែលបម្រើការ២៤ម៉ាង ដៃគូសហការទូទាត់ចំនូន១២០០ទីតាំង និងភ្នាក់ងារធនាគារចំនួន១៣២កន្លែង ទូទាំងប្រទេស។ ក្នុងឆ្នាំ២០២២នេះធនាគារ ជីប ម៉ុង នឹងបើកសាខាចំនួន៥ បន្ថែមផងដែរ៕