(សៀមរាប)៖ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ Urban Living Solutions (ULS Cambodia) នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ បានប្រារព្ធពិធីបិទបញ្ចប់ ការសាងសង់គ្រោងអគារ Rose Apple Square ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីមួយ នៅកណ្ដាលក្រុងសៀមរាប ផ្តោតលើការរស់នៅបែបទំនើប សហគមន៍ និងលំហបៃតង។

កម្មវិធីត្រូវបានធ្វើឡើងនៅការដ្ឋាន Rose Apple Square ផ្ទាល់ ដោយមានចូលរួមពីស្ថាបនិក និងនាយកគ្រប់គ្រង ULS លោក គាន គឹមលាង និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Pointer Property លោក ងួន ឆាយលាង ដែលជាភ្នាក់ងារលក់ និងទីប្រឹក្សាផ្ដាច់មុខសម្រាប់គម្រោងនេះ។

លោក គឹមលាង បានលើកឡើងថា ការបញ្ចប់គ្រោងអគារជាន់ទី ៧ ដែលជាជាន់ខ្ពស់បំផុតនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ របស់ក្រុមហ៊ុន ULS ក្រោមចក្ខុវិស័យវែងឆ្ងាយ ក្នុងការផ្ដល់ជូនប្រជាជនកម្ពុជាជំនាន់ក្រោយនូវលំនៅដ្ឋាន ដែលមានសមតុល្យ រវាងភាពទំនើបទាន់សម័យ ឯកជនភាព សហគមន៍ និងលំហបៃតង។

លោកបន្ដថា «យើងបានគិតគូរយ៉ាងល្អិតល្អន់ លើការរចនា Rose Apple Square ដោយផ្តោតលើតម្រូវការ ជាក់ស្ដែងរបស់អ្នករស់នៅ។ ប្រជាជនកម្ពុជាជំនាន់ថ្មីបច្ចុប្បន្ន ចង់បានតុល្យភាពរវាងការងារ និងជីវិត ទើបយើងបង្កើតនូវគម្រោងនេះឡើង ដែលមានមុខងារចម្រុះស្ថិតក្នុងកន្លែងតែមួយ»

គិតមកទល់បច្ចុប្បន្ន គម្រោងទាំងមូលសម្រេចបាន៤២% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរ តាមផែនការក្នុងឆ្នាំ២០២២នេះ។

មានទីតាំងនៅកណ្តាលក្រុងសៀមរាប Rose Apple Square គឺជាគម្រោងអភិវឌ្ឍន៍ ដែលផ្តោតលើតុល្យភាព រវាងរបៀបរស់នៅបែបទំនើប លំហបៃតង និងសហគមន៍ ជាមួយនឹងមុខងារ៤ នៅក្នុងទីតាំងតែមួយ រួមមានខុនដូ អគារការិយាល័យសហកម្មសិទ្ធិ កន្លែងធ្វើការរួមគ្នា និងកន្លែងរស់នៅជុំគ្នា។

ទីធ្លារួមគ្នាដែលមានផ្ទៃក្រឡាជាង១២០០ ម៉ែត្រការ៉េអាចជាកន្លែងសម្រាប់ការជួបប្រជុំ ការសម្តែង ឬជាកន្លែងសម្រាប់អ្នកស្នាក់នៅធ្វើការលំហែអារម្មណ៍ និងធ្វើការភ្ជាប់ទំនាក់ទំនង។

នៅទីនេះក៏មានហាងលក់ទំនិញ ដោយមានក្រុមហ៊ុន Kaifun ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ជាអ្នកជួលដំបូងផងដែរ។ បើទោះបីជាគម្រោង ស្ថិតនៅជិត Pub Street ក្តី ក៏Rose Apple Square បានគិតគូរទៅលើតម្រូវការ ក្នុងការចតយាន្តជំនិះ ដូច្នេះ Rose Apple Square ក៏មានកន្លែងចតរថយន្តក្រោមដីដល់ទៅ ពីរជាន់ផងដែរ។

គ្រឿងបរិក្ខារដ៏សម្បូរបែបទាំងអស់នេះ គ្រាន់តែជាផ្នែកមួយនៃ Rose Apple Square ប៉ុណ្ណោះ លើសពីនេះក៏មាន Rose Apple Residences ដែលជាទីតាំង នៃលំនៅដ្ឋានដល់ទៅ207 ក៏ដូចជាមានបន្ទប់ដល់ទៅ 40 សម្រាប់គោលគំនិតថ្មី នៃការរស់នៅរួមគ្នា។

ដោយសារក្រុមហ៊ុន ULS មើលឃើញពីតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា ក្នុងយុគសម័យថ្មី ដែលពួកគាត់ទាមទារ ឱ្យមានតុល្យភាពការងារ និងជីវិតដ៏សមស្របមួយ ដែលជាមូលហេតុចម្បង ក្នុងការបង្កើតឲ្យមាននូវគម្រោងអចលនទ្រព្យមុខងារចម្រុះ ដោយរួមបញ្ចូល ខុនដូ អគារការិយាល័យសហកម្មសិទ្ធិ កន្លែងធ្វើការរួមគ្នា ហាងទំនិញ ក៏ដូចជាទីធ្លាជួបជុំសហគមន៍ស្ថិតក្នុងកន្លែងតែមួយ ដែលនឹងធ្វើឲ្យគម្រោងមួយនេះ កាន់តែពិសេស និងមានភាពរស់រវើក។

គម្រោង Rose Apple Square ធ្លាប់ទទួលបានពានរង្វាន់ជាច្រើន ដូចជា Best Residential Development និង Best Commercial Landscape Architectural Design នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យឆ្នើមនៅកម្ពុជាឆ្នាំ ២០២០ របស់ PropertyGuru៕

ហ្វេសប៊ុក https://www.facebook.com/RoseAppleSquare
វេបសាយ៖ https://www.roseapplesquare.com/
YouTube៖https://www.youtube.com/watch?v=HoZMqGADDSQ