(បរទេស)៖ បច្ចុប្បន្ននេះ កាំជ្រួចត្រូវបានប្រើប្រាស់ជាទូទៅ សម្រាប់អបអរសាទរក្នុងឱកាសផ្សេងៗ នៅជុំវិញពិភពលោក។ ចាប់តាំងពីសម័យបុរាណ រហូតមកដល់សម័យទំនើបសព្វថ្ងៃ គេសង្កេតឃើញថា កាំជ្រួច (Firework) មានការវិវត្តប្រែប្រួលយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ ដំបូងៗកាំជ្រួចមិនអាចធ្វើអ្វីផ្សេង ក្រៅតែពីផ្ទុះឡើយ ប៉ុន្តែមកដល់ឥឡូវវិញ វាអាចបង្កើតចេញជារូបរាងផ្សេងៗ មានពណ៌ចម្រុះ និងបន្លឺសំឡេងខុសៗគ្នា បានថែមទៀតផង។

* ដំណើរចាប់ផ្ដើមដំបូងបំផុតនៃកាំជ្រួច

អ្នកប្រវត្តិវិទូភាគច្រើនយល់ឃើញថា កាំជ្រួចគឺត្រូវបានបង្កើតឡើងដំបូងនៅឯប្រទេសចិន ក្នុងទម្រង់ជាផាវ។ ប៉ុន្តែមានអ្នកខ្លះទៀតយល់ថា ដើមកំណើតដំបូងបំផុតរបស់វា គឺចេញមកពីតំបន់មជ្ឈឹមបូព៌ា ឬប្រទេសឥណ្ឌាទៅវិញ។ យ៉ាងណាក៏ដោយ បើតាមក្រុមអ្នកស្រាវជ្រាវអាមេរិក ប្រហែលកាលពីខ្ទង់ឆ្នាំ៨០០នៃគ្រឹស្តសករាជ ក្រុមគីមីវិទូចិនសម័យបុរាណ គឺជាអ្នកដែលបានធ្វើពិសោធន៍រហូតបង្កើតចេញជាម៉្សៅរំសេវឡើង។ តាំងពីពេលនោះ ជនជាតិចិនចាប់ផ្តើមប្រកាន់ជំនឿថា ការបំផ្ទុះផាវដែលបង្កើតចេញពីប្រើរំសេវនេះ អាចជួយការពារពួកគេពីវិញ្ញាណអាក្រក់ៗនានាបាន។

វិធីសាស្រ្តដំបូងបំផុតនៃការបង្កើតផាវ គឺពួកគេនាំគ្នាញាត់រំសេវចូលក្នុងបំពង់ឫស្សី រួចហើយបោះវាចូលទៅក្នុងភ្នក់ភ្លើង ដែលបង្កើតឱ្យមានសំឡេងផ្ទុះយ៉ាងលឺមួយ។ ក្រោយមកទៀតផាវផ្ទុះទាំងនោះ បានវិវត្តប្រែប្រួលថែមទៀត ដោយបំពង់ក្រដាសត្រូវបានប្រើប្រាស់ជំនួសបំពង់ឫស្សី ហើយគេលែងបោះវាចូលក្នុងភ្នក់ភ្លើងទៀតហើយ គឺគេភ្ជាប់ខ្សែក្រដាស់ជាប់ជាមួយវា ដើម្បីដុតបំផ្ទុះ។

ពេលមកដល់សតវត្សរ៍ទី១០ ជនជាតិចិនក៏បានរកឃើញថា ពួកគេអាចបង្កើតគ្រឿងផ្ទុះចេញពីរំសេវ។ ដូច្នេះពួកគេបានភ្ជាប់ផាវជាមួយនឹងគ្រាប់ព្រួញ ដែលពួកគេបាញ់ទៅលើខ្មាំងសត្រូវ។ ក្នុងអំឡុងពេល ២០០ឆ្នាំក្រោយមកទៀត ផាវត្រូវបានកែច្នៃឱ្យក្លាយទៅជាកាំជ្រួច ដែលអាចបាញ់ទៅលើសត្រូវដោយពុំចាំបាច់ ត្រូវការគ្រាប់ព្រួញឡើយ។ បច្ចេកវិទ្យានេះហើយ ដែលគេប្រើប្រាស់ក្នុងព្រឹត្តិការណ៍បាញ់កាំជ្រួច។

* ការរីកសុះសាយនៃវត្តមានរំសេវ និងសិល្បៈនៃការបំផ្ទុះកាំជ្រួច

រំសេវបានទៅដល់តំបន់អឺរ៉ុបកាលពីខ្ទង់សតវត្សរទី១៣។ ពួកអឺរ៉ុបបានប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីផលិតចេញជាអាវុធ ប៉ុន្តែទន្ទឹមគ្នាក៏នៅតែរក្សា វត្ថុបំណងដើមដំបូងរបស់វាដដែលផងដែរ។ កាំជ្រួចជាធម្មតាត្រូវបានគេបាញ់បំផ្ទុះ ដើម្បីជាការអបអរក្នុងឱកាសរីករាយផ្សេងៗ។ បន្ទាប់ពីបានទៅដល់អឺរ៉ុបហើយនោះ រំសេវនិងរូបមន្តនៃការបង្កើតកាំជ្រួច បានរីកសុះសាយទៅកាន់ផ្នែកដទៃទៀតនៃពិភពលោក ស្របពេលដែលពួកអឺរ៉ុប បានធ្វើការរុករកនៅតាមតំបន់ ដែលពួកគេចាត់ទុកជាដែនដីថ្មីៗ។

ក្នុងចំណោមបណ្តាប្រទេសនៅអឺរ៉ុប កាំជ្រួចមានការពេញនិយមជាពិសេសនៅអ៉ីតាលី។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៨៣០ ប្រជាជននៅអ៉ីតាលី បានចាប់ផ្តើមនឹកឃើញលាយឡំសារធាតុផ្សេងៗ ដើម្បីបង្កើនពន្លឺរបស់កាំជ្រួច ហើយបង្កើតចេញជារូបរាងប្លែកជាច្រើន។ ទីបំផុត ពួកគេក៏អាចបង្កើតពណ៌ថ្មី សម្រាប់កាំជ្រួចបានថែមទៀត ខណៈពីដំបូងឡើយ កាំជ្រួចមានតែពណ៌ទឹកក្រូចមួយប៉ុណ្ណោះ។

គួរជម្រាបថា ទំនៀមទម្លាប់នៃការបាញ់កាំជ្រួចដើម្បីអបអរសាទរ នៅតែបន្តអនុវត្តនៅពាសពេញសកលលោក រហូតមកទល់សព្វថ្ងៃនេះ ហើយប្រទេសដែលជាអ្នករកឃើញរំសេវ គឺចិននៅតែជាអ្នកផលិតនិងនាំចេញកាំជ្រួចច្រើនជាងគេបំផុត៕