(ភ្នំពេញ)៖ សែលកាត ចាប់ដៃគូសហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) និងដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា និងបើកការប្រកួតដំណើរស្វែងរកកីឡាករអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ដែលនឹងចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ និងជាជំហានមួយសម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣១ សម្រាប់ក្រុមកីឡាករអេឡិចត្រូនិកក្នុងស្រុក។

នៅក្នុងសន្និសីទសារព័ត៌ សម្ពោធការប្រកួតដំណើរឆ្នោះទៅកាន់ស៊ីហ្គេម ដែលបានរៀបចំឡើងនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារ Raffle Le Royal ក៏មានការចូលរួមពីលោក លន់ សាម៉ីឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា, លោក ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា, លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត, លោក កាំង សុធា តំណាងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជានិងជាអគ្គលេខាធិការ CAMSOC, និង លោក ពន់ សុខ តំណាងលោក អ៊ុក សិទ្ធីជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន កីឡាតំណាងក្រសួងអប់រំ យុវជន និងកីឡា។

សូមជម្រាបថា ការប្រកួតស៊ីហ្គេមលើកទី៣១ នឹងប្រព្រឹត្តឡើងនៅខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ នៅទីក្រុងហាណូយ ដែលប្រទេសវៀតណាមជាម្ចាស់ផ្ទះហើយ សម្រាប់ រដូវកាលក្រោយៗនៃការប្រកួតប្រភេទកីឡានេះ កីឡាអេឡិចត្រូនិកនឹងក្លាយជាព្រឹត្តិការណ៍ការប្រកួតមេដាយជាផ្លូវការ។ កម្ពុជានឹងជាម្ចាស់ផ្ទះសម្រាប់ ព្រឹត្តិការណ៍ការប្រកួតមេដាយកីឡាអេឡិចត្រូនិកចំនួនបី រួមទាំងវិញ្ញាសាហ្គេមទូរស័ព្ទធំៗចំនួនពីរគឺ PUBGM និង Mobile Legends Bang Bang។

ការប្រកួតដំណើរឆ្នោះទៅកាន់ស៊ីហ្គេមនឹងបើកការចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ តាមរយៈគេហទំព័រ Playgame។ ការប្រកួតនេះជាការស្វែងរក ក្រុមកីឡាករអេឡិចត្រូនិក ជម្រើសជាតិ រួមមានវិញ្ញាសារ PUBGM និង MLBB ដែលក្រុមជ័យលាភីចំណាត់ថ្នាក់លេខ១ ដល់លេខ៤ នឹងត្រូវបានជ្រើសរើសជាតំណាង ឱ្យប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ ព្រមទាំងមានគណៈប្រតិភូ គ្រូបង្វឹក និងពិធីករ (Caster) រួមដំណើរនៅក្នុងការប្រកួតស៊ីហ្គេមនេះផងដែរ។

លោក Simon Perkins បានឱ្យដឹងថា សហគមន៍កីឡាអេឡិចត្រូនិកពិតជាអភិវឌ្ឍន៍បានឆ្ងាយណាស់បើធៀបជាមួយនឹងពេលដែលទើបតែចាប់ផ្តើមពីមុនមក ប៉ុន្តែសែលកាត ក៏នៅតែបន្តជំរុញបន្ថែមទៀត ដោយមិនត្រឹមតែព្យាយាមផ្តល់នូវការភ្ជាប់ទំនាក់ទំនងដែលចំាបាច់សម្រាប់ប្រភេទកីឡានេះឱ្យកាន់តែរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវឱកាសដល់ក្រុមកីឡាករអេឡិចត្រូនិកកម្ពុជាឱ្យជាទីទទួលស្គាល់ទាំងក្នុងស្រុក និងក្រៅស្រុក។

ជាមួយនឹងព្រឹត្តិការណ៍ការប្រកួតស៊ីហ្គេមដែលកាន់តែខិតជិតមកដល់នេះ សែលកាត រួមសហការជាមួយនឹងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) និងការគាំទ្រ ពីគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡា (MOEYs) បានរៀបចំគំនិតផ្តួចផ្តើមនូវការប្រកួតដំណើរឆ្នោះទៅកាន់ស៊ីហ្គេម ដើម្បីធានាថាកម្ពុជានឹងបានចូលរួមនៅក្នុងព្រឹត្តិការណ៍ការប្រកួតស៊ីហ្គេមលើកទី៣១ ការប្រកួតមេដាយកីឡាអេឡិចត្រូនិក។

ខណៈពេលដែលថ្ងៃនេះមានការបើកឱ្យចុះឈ្មោះសម្រាប់ការប្រកួតថ្នាក់ជាតិដំណើរឆ្នោះទៅកាន់ស៊ីហ្គេម មានក្រុមកីឡាករអេឡិចត្រូនិកចំនួនពីរក្រុមរួចទៅហើយ ដែលបានជាប់ឈ្នោះនៅក្នុងការប្រកួតវគ្គ ៦៤ក្រុមចុងក្រោយ។ ក្នុងនោះមានក្រុម APG Esports និង Orange Esports សម្រាប់ប្រកួតហ្គេម PUBGM ដែលជាពីរក្រុម ដំបូង ដែលបានជាប់ឈ្នោះដោយស្វ័យប្រវត្តិសម្រាប់ការប្រកួតថ្នាក់ជាតិដំណើរឆ្នោះទៅកាន់ស៊ីហ្គេមនេះ តាមរយៈជ័យជម្នះរបស់ពួកគេក្នុងការប្រកួត Pre-SEAGAMES ដែលបានប្រព្រឹត្តឡើងកាលពីដើមឆ្នាំកន្លងមកនេះ។

ការប្រកួតដំណើរឆ្នោះទៅកាន់ស៊ីហ្គេម គឺជាផ្នែកមួយនៃរបៀបវារៈរបស់ក្រុមហ៊ុន សែលកាត ក្នុងការគាំទ្រអភិវឌ្ឍន៍ធនធានប្រកបដោយគុណភាព និងពង្រីកប្រភេទកីឡា អេឡិចត្រូនិក និងសហគមន៍ហ្គេមនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយជាងមុន។ ចាប់តាំងពីឆ្នាំ២០១៩ មក សែលកាត បានរួមចំណែកក្នុងការអភិវឌ្ឍ នូវប្រភេទកីឡានេះ ឱ្យកាន់តែរីកចម្រើនជាមួយនឹងការដាក់ដំណើរការផលិតផលនិងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងនៅតែបន្តរៀបចំការប្រកួតកីឡាអេឡិចត្រូនិក ដោយការរួមសហការផ្តាច់មុខ ជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC)។

លោក Simon Perkins បានបន្ថែមទៀតថា សែលកាត នៅតែបន្តខិតខំប្រឹងប្រែងក្នុងការបង្កើតផលិតផល និងសេវាកម្មថ្មីៗដែលពាក់ព័ន្ធនឹងកីឡាអេឡិចត្រូនិក និងបន្តជំរុញនូវផែនការសម្រាប់ផលិតផល និងសេវាកម្មរបស់សែលកាត ដែលនឹងដាក់ដំណើរការនៅប៉ុន្មានខែខាងមុខនេះ។

ចាប់ផ្តើមបើកឱ្យចុះឈ្នោះដោយឥតគិតថ្លៃ សម្រាប់ការប្រកួតដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម គ្រាន់តែចូលទៅកាន់គេហទំព័រ www.unlimited.play.com.kh/arena បិទការចុះឈ្នោះនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២៕